អភិបាលក្រុងប៉ោយប៉ែត ថ្លែងអំណរគុណលោកស្រី ទ្រី ដាណា នាំស្បៀងអាហារជួយប្រជាជនបិទខ្ទប់ដោយកូវីដ១៩…

លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានសម្ដែងនូវការត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឧកញ៉ា ហ៊ីង បញ្ញារិទ្ធ និងលោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលបាននាំយកអំណោយជាស្បៀងអាហារមួយចំនួនធំ ប្រគល់ជូនរដ្ឋបាលក្រុងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីចាត់ចែងជួយប្រជាពលរដ្ឋកំពុងជាប់ក្នុងតំបន់បិទខ្ទប់ដោយការរីករាលដាលនៃជំងឺកូវីដ១៩។

លោក គាត ហ៊ុល បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែត លោកពិតជាមានក្ដីត្រេកអរ ព្រោះអំណោយដែលផ្ដល់ជូនទាំងអស់នេះគឺប្រជាពលរដ្ឋកំពុងត្រូវការជាចាំបាច់ ដោយសារពួកគាត់ជាប់នៅតំបន់បិទខ្ទប់ បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងក្រុងប៉ោយប៉ែត។ លោកអភិបាលក្រុងបានបញ្ជាក់បន្ថែមទៀតថា អំណោយទាំងអស់នេះ នឹងត្រូវចាត់ចែងបែងចែកទៅដល់ប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់ៗគ្នា។

ចំណែកឧកញ៉ា ហ៊ីង បញ្ញារិទ្ធ បានបញ្ជាក់ប្រាប់លោកអភិបាលក្រុងប៉ោយប៉ែតថា បន្ទាប់ពីឃើញព័ត៌មានអំពីការបិទខ្ទប់នៅតំបន់ក្រុងបោយប៉ែត លោកនិងភរិយា ក៏បានសម្រេចចិត្តថាផ្ដល់ជំនួយ ដើម្បីជួយដល់ប្រជាជន។ ដើម្បីអនុវត្តវិធានការការពារជំងឺកូវីដ១៩ មិនអាចមានការជួបជុំច្រើន ទើបឧកញ៉ា និងលោកស្រី ទ្រី ដាណា មិនអាចផ្ដល់ជូនដោយផ្ទាល់ ដោយរៀបចំចែកជូនតាមមេភូមិនីមួយៗ ដែលមានការបិទខ្ទប់។

គួរបញ្ជាក់ដែរថា អំណោយដែលឧកញ៉ា ហ៊ីង បញ្ញារិទ្ធ និងលោកស្រី ទ្រី ដាណា ផ្ដល់ជូនរដ្ឋបាលក្រុងប៉ោយប៉ែតរួមមាន អង្ករ ៥តោន មី ២០កេសធំ (ស្មើនឹង ១២០កេសតូច) ត្រីខ ២០កេស (ស្មើនឹង ២០០យួរ) និងទឹកពិសារដបចំនួន ១០០កេសស។ លើសពីនេះ លោកឧកញ៉ា និងលោកស្រី ក៏បានរៀបចំស្បៀងបន្ទាន់ ១០៥គ្រួសារទៀត ចែកជូនតាមមេភូមិដែលមានការបិទខ្ទប់ ដើម្បីចែកបន្តដល់ប្រជាពលរដ្ឋ។ អំណោយទាំងនោះមាន អង្ករ មី ត្រីខ ពងទា បន្លែ ទឹកបរិសុទ្ធ និងថវិកាមួយគ្រួសារចំនួន៥ម៉ឺនរៀល៕

សូមទស្សនារូបភាពខាងក្រោមនេះ ៖

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔