ថៃ៖ កាលពីដើមសប្ដាហ៍នេះ បុរសជនជាតិថៃម្នាក់បានរៀបចំពិធីជប់លៀងបែបចិនមួយ ហើយមានតុអាហារដល់ទៅ ៣៦តុ រួមមានកម្មវិធីកម្សាន្ដផ្សេងទៀតជាងមួយម៉ោងសម្រាប់ពពួកអមនុស្ស (ខ្មោច) នៅឯទីបញ្ចុះសព Sawang Uttayan ដែលវាស្ថិតនៅក្នុងខេត្ដឈុនបុរីប្រទេសថៃ។
ជុំវិញពិធីជប់លៀងដ៏ចម្លែកមួយនេះ លោក Tanawan Choti អាយុ ៤៣ឆ្នាំ បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា៖ម្ដាយរបស់ខ្ញុំបានប្រាប់ខ្ញុំថា គាត់ចង់រៀបចំពិធីជប់លៀងមួយសម្រាប់ពពួកអមនុស្ស មុនពេលដែលគាត់ចែកឋានទៅ ។
ដូច្នេះគាត់អាចបរិភោគអាហារជុំគ្នាជាមួយមិត្ដភក្ដិ និងសមាជិកគ្រួសាររបស់គាត់ដទៃទៀតដែលបានចែកឋានមុនគាត់ហើយពួកគេនឹងស្វាគមន៍គាត់ទៅកាន់លោកខាងមុខដែរ។
ហើយនៅទីបំផុតមុនពេលម្ដាយរបស់លោកបានទទួលអនិច្ចកម្មកាលពីពេលថ្មីៗនេះ លោកក៏បានបំពេញបំណងចុងក្រោយរបស់គាត់ផងដែរ។ ជាមួយគ្នានេះ លោក Eakkaluck Undee អាយុ ៣៥ឆ្នាំ ដែលជាអ្នកទទួលរៀបចំពិធីជប់លៀងបានប្រាប់សារព័ត៌មានថៃដែរថា៖
ខ្ញុំបានប្រកបអាជីពរៀបចំពិធីជប់លៀងបែបចិនអស់រយៈពេលជាង ១៨ឆ្នាំមកហើយ តែគ្មាននរណាម្នាក់ធ្លាប់ជួលឲ្យរៀបចំអាហារពេលល្ងាចសម្រាប់ខ្មោចដូច្នេះពីមុនមកនោះទេ។ តែនេះវាជាលើកទីមួយសម្រាប់ខ្ញុំ និងអ្នកផ្សេងទៀតដែលខ្ញុំបានស្គាល់ ដែលជាអ្នកប្រកបអាជីពដូចគ្នា។
វារៀងប្លែកបន្ដិច ហើយខ្ញុំមានអារម្មណ៍ស្រៀវឆ្អឹងខ្នងខ្លះដែរ ចំពោះការរៀបចំតុ និងបម្រើអាហារដល់ភ្ញៀវ(ខ្លោច)។ ហើយបន្ទាប់ពីពិធីជប់លៀងត្រូវបានបញ្ចប់ អាហារទាំងនោះត្រូវបានផ្ដល់ឲ្យប្រជាជនក្រីក្រនៅក្នុងតំបន់។
លោក Eakkaluck គួរឲ្យដឹងថា ជំនឿលើរឿងចម្លែកៗ និងព្រលឹងវិញ្ញាណ ជារឿងធម្មតាទៅហើយនៅក្នុងប្រទេសថៃ ជាក់ស្ដែងកាលពីខែកុម្ភៈកន្លងទៅនេះ អ្នកស្រុកមួយក្រុមនៅក្នុងខេត្ដឈុនបុរី ក៏បានរៀបចំបញ្ចាំងកុនសម្រាប់ពពួកអមនុស្សផងដែរ៕
ប្រភព: thepattayanews.com