រាជធានីភ្នំពេញ ៖ បឹងតាមោកហៅបឹងកប់ស្រូវត្រូវបានក្រុមហ៊ុនឯកជននានា ដែលមានសំណាងដូចទេវតាប្រទានមាសដុំ និងអង្គភាពរដ្ឋខ្លះក៏មានសំណាងធំប៉ុនមេឃដែរ បានចាក់លុបអស់ប្រមាណ៥០ភាគរយហើយបន្ទាប់ពីទទួលបាន សជណ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ឱ្យដើម្បីអភិវឌ្ឍ និងមួយចំនួនទៀត ត្រូវបានរំលោភយក ខ្លះពីសំណាក់អ្នកមានអំណាចយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
វាសនាបឹងតាមោកនឹងរលាយបាត់រូបរាងនៅពេលអនាគតដ៏ខ្លី ហើយក្លាយជាតំបន់អភិវឌ្ឍដ៏មានសក្តានុពល ។ បឹងតាមោកហៅបឹងកប់ស្រូវ ជាបឹងធម្មជាតិ…ជាអាងស្តុកទឹកដ៏ធំបំផុតមួយនៅភាគខាងជើងឆៀងខាងលិចជាប់មហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់គោករកា សង្កាត់ឃ្មួញ សង្កាត់ព្រែកព្នៅ ខាងលិចជាប់សង្កាត់ពន្សាំង ។ ផ្នែកខាងជើងជាប់ផ្លូវលេខ១៥១ សង្កាត់ពញាពន់ និងសង្កាត់សំរោង ។ ផ្នែកខាងកើតជាប់សង្កាត់ព្រែកព្នៅ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹតស្តីពីការកំណត់ផ្ទៃបឹងចំនួន៣២៣៩ហិកតា គ្របដណ្តប់បឹងតាមោក និងដីជុំវិញទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ ។គួរបញ្ជាក់ថា នៅមុនចេញអនុក្រឹតក្នុងកំឡុងឆ្នាំ២០១០ គេនៅចាំថា រាជរដ្ឋាភិបាលក៏បានប្រគល់ចំណែកបឹងដ៏តូចមួយនៅក្នុងសង្កាត់ព្រែកព្នៅ ដើម្បីឱ្យក្រុមហ៊ុនមួយធ្វើការអភិវឌ្ឍ ធ្វើជាកន្លែងលំហែកាយ តំបន់ឡុងឈិនជិតរួចរាល់ ។ លុះក្រោយមករដ្ឋវាយកម្ទេចចោល ដោយចោទថា រំលោភយកដីបឹងធម្មជាតិមួយនេះ ។
ទោះបីជាយ៉ាងណា ផ្ទៃបឹងមួយផ្នែកនៅអតីតតំបន់ឡុង ឈិន នោះមិនបានរក្សាឱ្យនៅគង់វង្ស ទុកជាសម្បត្តិរដ្ឋនោះទេ ហើយបច្ចុប្បន្នក៏បានក្លាយទៅជាកម្មសិទ្ធិរបស់អ្នកមានអំណាច ដែលមួយភាគធំសុទ្ធជាឧត្តមសេនីយ៍យោធា រំលោភយកមកធ្វើជាកម្មសិទ្ធិដោយធ្វើជាភូមិគ្រឹះជាវិមានអស់ទៅហើយ គឺយកពីមួយឱ្យទៅមួយទៀតបាត់ស្រមោលទៅហោងបាត់ទាំងឈ្មោះទៀត ។
នៅកំឡុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍបឹងតាមោក ហៅបឹងកប់ស្រូវ ដោយទុកពាក់កណ្តាល ធ្វើជាអាងស្តុកទឹក និងពាក់កណ្តាលធ្វើការអភិវឌ្ឍ ។ ទន្ទឹមនោះសាលារាជធានីភ្នំពេញសម័យនោះក៏បានចាក់ដីធ្វើផ្លូវ៦០ម៉ែត្រពុះចែកផ្ទៃបឹងជាពីរ ។ ដោយសារតែគម្រោងដ៏មហាសាលនេះហើយ បានធ្វើឱ្យដីធ្លីនៅជុំវិញបឹងតាមោក បានហក់ឡើងខ្ពស់ ហើយឈ្មួញនិងអ្នកមានអំណាច និងអ្នកមានប្រាក់ ទន្ទ្រានកាន់កាប់ផ្ទៃបឹងតាមោក តាមរយៈការទិញពីប្រជាពលរដ្ឋ ដែលអាស្រ័យផល ហើយវាតទីបោះបង្គោលលក់បឹងតៗគ្នាដោយពុំមានការដឹងឮពីអាជ្ញាធរឡើយ អ្នកណាខ្លាំងគឺឈ្នះ អ្នកណាធ្វើចោរបានផល…ហេ! ហេ!
ស្របពេលនោះដែរ តាមរបាយការណ៍នានាថា ផ្ទៃបឹងប្រមាណ២០ហិកតា ត្រូវបានរាជរដ្ឋាភិបាលប្រគល់ឱ្យក្រុមហ៊ុនមួយ ដើម្បីធ្វើការអភិវឌ្ឍ ធ្វើផ្សារដើមគ តែមិនទាន់ចេញជាលទ្ធផលនោះទេ ហើយឃើញតែសំណង់ផ្ទះល្វែងទៅវិញ ។ លុះក្រោយៗមកមានក្រុមហ៊ុន និងក្រសួង មន្ទីរ អង្គភាពរដ្ឋជាច្រើនបានស្នើសុំដីបឹងធ្វើការអភិវឌ្ឍនតាមរយៈ សជណ និងកំពុងតែចាក់ដីលុបផ្ទៃបឹងទាំងនោះ ដូចដណ្តើមគ្នាកាន់កា.ប់ អ្នកណាដល់មុនឈ្នះ មានលើកផ្ទាំងប៉ាណូអួតអាង ។ ទោះបីជាយ៉ាងណា គេពុំដឹងឱ្យច្បាស់ថា តើក្រុមហ៊ុន និងអង្គភាពរដ្ឋណាខ្លះមានវាសនាទទួលសិទ្ធិក្នុងការអភិវឌ្ឍន៍ចាក់លុបបឹងនោះទេ ព្រោះ សជណ ចេញច្រើនគន្លាក់ អ្នកណានៅជិតបាន…អ្នកណានៅឆ្ងាយដេកអត់ទៅ ៕
