កូនចិត្តព្រៃផ្សៃ! ដាច់ចិត្តដាក់ពាក្របណ្តឹងរឹបអូសយកដី​ម៉ែឪដោយសារតែជំពាក់លុយ

ខេត្តស្វាយរៀង ៖ លោកតា មាស ចោម អាយុ​៨៧​ឆ្នាំ ដែល​មាន​វ័យចាស់​ជរា​ខ្លាំង​ណាស់​ទៅ​ហើយ​នោះ កំពុង​ស្រែក​អង្វរ​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អន្តរាគមន៍ ​រឿង​កូនប្រុស​បង្កើត​ប្តឹង​ទារ​លុយរាប់​ពាន់​ដុល្លារ និង​គំ​រា​.​ម​យក​ដី​បើ​គ្មាន​លុយ​សង បង្ក​ឱ្យ​មានការ​ហួសចិត្ត​គ្រប់​គ្នា​ដែល​កូនប្រុស​បង្កើត​ប្តឹង​ឪពុក​បែប​នេះ ។

លោកតា មាស ចោម ​រស់នៅ​ភូមិ​ចំបក់​សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង បាន​អំពាវនាវ​សូម​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ក្នុង​រឿង​កូនប្រុស​បង្កើត​ឈ្មោះ មាស សំអាត ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល​ចូល​និវត្តន៍ រស់នៅ​ភូមិ​វាល​យន្ត សង្កាត់​​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង បាន​ប្តឹង​លោកតា​ដែល​ត្រូវជា​ឪពុក ដោយ​ចា​ទ​ថា លោកតា (ឪពុក) និងម្តាយ បាន​ខ្ចីប្រាក់​ប្តី​ប្រពន្ធ​ខ្លួន​ជា​ហូរហែ ដូច្នេះ​តម្រូវ​ឲ្យ​ឪពុក​សង​ជំនួស​ម្តាយ​ដែល​បាន​ស្លា​.​ប់​ទៅ​ នូវទឹកប្រាក់​ចំនួន​៣០០០​ដុល្លារ ។ ប៉ុន្តែ​លោកតា​ជា​ឪពុក​គ្មាន​ប្រាក់​សង ក៏​ត្រូវ​កូនប្រុស​រឹបអូស​យក​ប្លង់ដី​លំនៅ​ឋាន​របស់​ឪពុក​ដែលកំពុងរស់នៅ​សព្វ​ថ្ងៃនេះ​ទំហំ​១៨៤៥​ម៉ែត្រក្រឡា ដែល​មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខ​២០០៦០៥០៦ របស់​លោកតា ដាក់​ជា​ភស្តុ​តាង​ថា លោកតា​ដាក់បញ្ចាំ​ខ្លួនឯង​។

លោកតាបានពោលទាំងទឹកមុខក្រៀមក្រំ និងសុំ​អំពាវនាវ​រក​យុត្តិធម៌​ បន្ទាប់ពីមានរឿងហេតុកើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២២ រស់នៅ​ភូមិ​ចំបក់ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង គ្រាដែល​តុលាការ​សាលាដំបូង​ខេត្តស្វាយរៀង ដឹកនាំ​សមត្ថ​កិច្ច​ចុះ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ ចាត់ចែង​ជា​បណ្តោះអាសន្ន ហាមឃាត់ ៖ ១- កូនបំណុល​មិន​ឲ្យ​លក់ដូរ ជួល បញ្ចាំ ហ៊ី​ប៉ូ​តែ​ក ផ្ទេរកម្មសិទ្ធិ ធ្វើ​ប្រទាន​កម្ម ឬ​ចាត់ចែង ធ្វើ​ឲ្យ​លោកតា​ខកចិត្ត​ជា​ខ្លាំង និង​អំពាវនាវ​សូម​ឲ្យ​សម្តេច​តេ​ជោ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ តាម​បណ្តឹង​របស់​ឈ្មោះ​មាស សំអាត ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មន្ត្រី​នគ​បាល​ចូល​និវត្តន៍ បច្ចុប្បន្ន​រស់នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង បាន​ឲ្យ​ដឹង​ថា ដំណើរ​រឿង​កន្លង​មក ម្តាយបង្កើត​និង​ឪពុក​ខ្លួន​ឈ្មោះ មាស ចោម អាយុ​៨៧​ឆ្នាំ បាន​ខ្ចីប្រាក់​ប្តី​ប្រពន្ធ​ខ្លួន​ជា​ហូរហែ រហូត​ដល់​ឆ្នាំ​២០១៥ ម្តាយ​ខ្លួន​ក៏​បាន​ស្លា​.​ប់​ក្នុង​អាយុ​៨០​ឆ្នាំ ដោយ​មិន​ទាន់​បាន​សង​ប្រាក់​ជំពាក់​ប្តី​ប្រពន្ធ​ខ្លួន​។ ហើយ​ពេល​នោះ​ឪពុក​បាន​ធ្វើ​ចេ​តី​យ៍​ដាក់​ធាតុ​ម្តាយ ហើយ​ខ្វះ​ប្រាក់​ក៏​បាន​ខ្ចីប្រាក់​ប្តី​ប្រពន្ធ​ខ្លួន​បន្ថែម និងមិន​ទាន់​សង​ផងដែរ​។

លោក មាស សំអាត បន្ត​ទៀត​ថា លុះដល់​ឆ្នាំ​២០១៩ ឪពុក មាស ចោម បាន​ចែក​ដី​១​ប្លង់​ទំហំ​១៥​ម៉ែត្រ​គុណ​នឹង​១០០​ម៉ែត្រ ផ្នែក​ខាងត្បូង​ឲ្យ​ទៅ​ឈ្មោះ មាស សាត ភេទ​ស្រី អាយុ​៦០​ឆ្នាំ ជា​កូន និង​ចែក​១​ប្លង់​ជាប់​គ្នា​ឲ្យ​ទៅ​ចៅស្រី​ឈ្មោះ វ៉ា សុ ផល អាយុ​៤១​ឆ្នាំ ទំហំ​១០​ម៉ែត្រ​គុណ ១០០​ម៉ែត្រ ។ ក្រោយមក​បាន​លក់​ដី​ទំហំ​៤​ម៉ែត្រ​គុណ​១០០​ម៉ែត្រ​ទៅ​ឲ្យ​ឈ្មោះ សំអាត ធី​លី​តា (​កូនស្រី​របស់​ឈ្មោះ មាស សំអាត​) ខ្លួន​ក៏​បាន​សុំ​ដី​ឪពុក (​មាស ចោម ) ដី​លំនៅ​ឋាន​ទំហំ​១៦​ម៉ែត្រ​គុណ​១០០​ម៉ែត្រ ឲ្យ​ខ្លួន​ដោយ​សន្យា​ថា ឧបត្ថម្ភ​ប្រាក់​ក្នុង​១​ខែ​២០​ម៉ឺន​រៀល​រហូត​ឪពុក​អស់​ជីវិត លោកតា​ក៏​យល់ព្រម​ចែក​ដី​ឲ្យ​។

សូម​បញ្ជាក់​ថា ដី​លំនៅ​ឋាន​របស់​លោកតា មាស ចោម មាន​ក្បាល​ទំហំ​៥៨​ម៉ែត្រ បណ្តោយ​១០០​ម៉ែត្រ ក្រោយ​ពី​បែង​ចែក​ដី លោកតា​នៅ​ចំ​កណ្តាល​ទំហំ​១៣​ម៉ែត្រ​គុណ​១០០​ម៉ែត្រ សង់ផ្ទះ​រស់នៅ​សព្វថ្ងៃ​។ បន្ទាប់​មក​ដល់​ឆ្នាំ​២០២០ ក៏​បាន​ចុះបញ្ជី​ជា​លក្ខណៈ​ប្រព័ន្ធ​បាន​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ម្ចាស់​អចលនវត្ថុ​រៀង​ៗ​ខ្លួន ក៏​ប៉ុន្តែ​ពេល​នោះ​មន្ត្រី​សុរិយោដី តម្រូវ​ឲ្យ​បង់ប្រាក់​ក្នុង​១​ប័ណ្ណ​៥០០​ដុល្លារ គឺ​ចេញ​រៀង​ៗ​ខ្លួន នៅ​ពេល​បាន​ប័ណ្ណ​ឈ្មោះ មាស សំអាត ជា​អ្នក​ចេញ​មុខ​ទៅ​យក​ប័ណ្ណ​ទាំងអស់​។

ប្រភព​បន្ត​ទៀត​ថា ពេល​ប្តី​ប្រពន្ធ​គាត់​ទារប្រាក់​ជំពាក់ ឪពុក មាស ចោម ឆ្លើយ​ថា គាត់​ពុំ​ទាន់​មាន​ប្រាក់​សង​កូន​ឯង​ទេ គាត់​បាន​ឲ្យ​ប្លង់​ដី​១​ប្លង់ ទំហំ​១៨៤៥​ម៉ែត្រក្រឡា ដែល​រស់នៅ​សព្វថ្ងៃ​កាន់ ហើយ​និយាយ​ថា ឪពុក​ជំពាក់​ប្រាក់​កូន​ឯង បើ​អត់​ពី​ឪពុក​ទៅ ឪពុក​ទុក​ដី​នេះ​ឲ្យ​កូន​ឯង​និង​ប្អូនស្រី មាស សាត ។ ក៏​ប៉ុន្តែ​ក្រោយមក​បែរជា ឪពុក​ធ្វើ​បណ្តាំ​ចែក​ឲ្យ​តែ​ប្អូនស្រី​ម្នាក់​គត់ ដោយ​ពុំ​ព្រម​សង​ប្រាក់​ជំពាក់​មក​ប្តី​ប្រពន្ធ​ខ្លួន​ទៅ​វិញ​។ ហេតុនេះ​ទើប​ខ្លួន​ប្តឹង​តុលាការ ឲ្យ​ឪពុក​មាស ចោម សង​ប្រាក់​ដែល​ម្តាយ​ខ្ចី​ប្តី​ប្រពន្ធ​ខ្លួន​ជា​ហូរហែ និង​ឪពុក​ខ្ចី​លុយ​ខ្វះ​ធ្វើ​ចេ​តី​យ៍ ដាក់​ធាតុ​ម្តាយ​នោះ​។

រហូត​ដល់​ឆ្នាំ​២០២១ ឪពុក​ឈ្មោះ មាស ចោម នៅ​តែ​និ​យ​យាយ​ថា គ្មាន​ប្រាក់​សង​ទៀត ទើប​ប្តី​ប្រពន្ធ​ខ្លួន ទារប្រាក់​សរុប​ចំនួន​៣​ពាន់​ដុល្លារ ហើយ​បើ​គ្មាន​ប្រាក់ ត្រូវ​ប្តូរ​ជា​ដី គឺ​យក​ទំហំ​៤​ម៉ែត្រ​គុណ​១០០​ម៉ែត្រ ទើប​ឲ្យ​ប្លង់​ដី​វិញ​។លោកតា មាស ចោម ជម្រាប​តុលាការ​ថា គាត់​អាយុ​៨៧​ឆ្នាំ​ហើយ លោកតា​បង្កើតកូន​បាន​២​នាក់ ចិញ្ចឹម​តាំងពី​បាតជើង​ក្រហម រហូត​ដល់​ធំ​ឲ្យ​រៀនសូត្រ​ចេះ​ដឹង ហើយ​ការ​ប្រពន្ធ​ឲ្យ​ទៀត ពេល​ចៅ​កើត​០៥​នាក់​តា​នេះ​មើលថែ នៅ​ពេល​គាត់​ចាស់​ស្រាប់តែ​កូន​ប្រាប់​ថា​ម្តាយ​វា និង​ខ្ញុំ​ខ្ចីប្រាក់​ប្តី​ប្រពន្ធ​វា​ជា​ហូរហែ និង​ខ្ចីប្រាក់​ពេល​ឪពុក​ធ្វើ​ចេ​តី​យ៍​ខ្វះ​ខ្ចីប្រាក់​ប្តី​ប្រពន្ធ​គេ​ទៀត ហើយ​មក​រឹបអូស​យក​ប្លង់​ដី​បែប​នេះ តើ​ឲ្យ​លោកតា​ទៅ​រស់​នៅឯណា? ។

ហើយ​សព្វថ្ងៃ​លោកតា​រស់នៅ​ជាមួយ​ចៅ​ជា​អ្នក​ផ្គត់ផ្គង់​បាយ​ម្ហូប ទឹក​ក្តៅ ទឹក​ត្រជាក់ ថ្នាំពេទ្យ​ព្យាបាល​ពេល​មាន​ជំងឺ កូនស្រី​និង​ចៅ តាំងពី​យាយ​ស្លា​.​ប់​ទៅ​៦​ឆ្នាំ​ហើយ​។ ចំពោះ​កូនប្រុស​ដែល​មក​ប្តឹង​ឪពុក​នេះ ចែក​ដី​១៦​ម៉ែត្រ បណ្តោយ​១០០​ម៉ែត្រ បើ​លក់​ជា​ប្រាក់ បច្ចុប្បន្ន​គិត​ជា​ប្រាក់​១​ម៉ែត្រ គឺ​១​ពាន់​ដុល្លារ សរុប​១៦,០០០​ដុល្លារ ហើយ​សន្យា​ថា ចិញ្ចឹម​ឪពុក ឧបត្ថម្ភ​ឪពុក​១​ខែ​២០​ម៉ឺន បាន​តែ​២​ខែ​តែ​ប៉ុណ្ណោះ​។ ទើប​លោកតា សូម​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​ផ្តល់​មេធាវី​រក​យុត្តិធម៌​ដល់​លោកតា​ផង​។លោកតា​បញ្ជាក់​ទៀត​ថា កូនប្រសា​ស្រី​ដែល​គាត់​រៀប​ការ​ឲ្យ និង​ចៅ​០៥​នាក់ គឺ​មិន​មាន​ពាក់ព័ន្ធ​នោះ​ទេ ព្រោះថា ឈ្មោះ មាស សំអាត បាន​ចុះ​ចោល​ប្រពន្ធ​និង​កូន​ទៅ​មាន​ប្រពន្ធចុង ហើយ​២​នាក់​ប្តី​ប្រពន្ធ​នេះ​ជា​អ្នក​ប្តឹង​លោកតា​៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔