បារមី​ជួយស្រស់ៗ! នៅវត្ត​ឈូកមានចោរ​ចូល​សំងំ​លួច​ដាប់​យក​ត្បូង​ពីរូប​បដិមា​តែពេលយករួចបែរជារកផ្លូវរត់ចេញមិនឃើញ

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២២ មាន​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ឃុំ​ស៊ា​ង​ឃ្វាង ស្រុក​កំចាយ​មារ ខេត្តព្រៃវែង ពី​ករណី​ចោរ​ចូល​លួច​ដាប់​យក​ត្បូង​ព្រះធ​បដិមា នៅ​ក្នុង​វត្ត​ឈូក ហើយ​ចោរ​ម្នាក់​នោះ​ក៏​ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត ចាប់ខ្លួន​ទុក រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ដែល​មានឈ្មោះ ច​យ ជូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ជ្រាំង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​ផង​ដែរ ។សេចក្តីរាយការណ៍​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ជនសង្ស័យ​ម្នាក់​បាន​ចូល​ទៅ​ក្នុង​ចេ​តី​យ៍​វត្ត​ឈូក ហើយ​សំងំ​ដាប់​យក​ត្បូង​ដែល​ដាំ​នៅ​លើ​រូបសំណាក​​បដិមារបស់​ព្រះ​ចៅអធិការ សេង ថន ដែល​ជា​ចៅអធិការ​វត្ត​មួយ​ព្រះ​អង្គ​ដ៏​ល្បីល្បាញ​លើ​បារមី​ស័ក្ដិសិទ្ធិ​ដែល​ប្រជាពលរដ្ឋ​ទូទៅ​ជិត​ឆ្ងាយ​មាន​ជំនឿ ហើយ​បាន​នាំ​គ្នា​ទៅ​ស្រោច​ទឹក​រំដោះគ្រោះ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ វត្ត​ឈូក ដែល​ស្ថិត​នៅ​ឃុំ​ស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ ខេត្តព្រៃវែង​នេះ ក៏​មាន​ទទួល​អ្នកជំងឺ​សរសៃ​ប្រសាទ ជំងឺ​រោគ​ចិត្ត ដែល​គេ​និ​យា​យា​ថា (​មនុស្ស​ឆ្គួ​ត​) ជា​ច្រើន​នាក់​ឲ្យ​ស្នាក់​នៅ​សម្រាក​ព្យាបាល ដោយ​មន្តអាគម​ន៍ អូ​ម​អាម ម្លូ​ស្លា ពី​ព្រះ​ចៅអធិការ សេង ថន នោះ​ផង​ដែរ និង​មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​ធូរស្រាល ព្រមទាំង​ជា​សះស្បើយ​ដោយសារ​បារមី​ដ៏​ស័ក្តិសិទ្ធិ​របស់​ព្រះ​ចៅអធិការ​វត្ត​ឈូក​នេះ​ដែរ ។

ហេតុ​ដូច្នេះ​ហើយ​ករណី​ចោរ​ដែល​ចូល​ទៅ​លួច​ដាប់​យក​ត្បូង​នៅ​លើ​រូបសំណាក​ព្រះ​ចៅអធិការ​វត្ត​ឈូក​នោះ ពិតជា​មិន​អាច​គេច​ផុត​ពី​បារមី​ព្រះ​អង្គ​ឡើយ គឺ​នៅ​ពេល​កំពុង​តែ​ដាប់​បាន​ត្បូង ហើយ​បម្រុង​គេចខ្លួន​នោះ ក៏​ត្រូវ​បាន​អ្នក​ដែល​ទៅ​មើលថែ​ទាំង​អ្នកជំងឺ​ឆ្គួ​ត​ឃើញ​ទាន់ និង​បាន​ទូល​ពី​សកម្មភាព​របស់​ចោរ​ជូន​ទៅ​ព្រះ​ចៅអធិការ ទើប​ក្របួច​ជនសង្ស័យ​ម្នាក់​នោះ​បាន​ភ្លាម​ៗ រួច​ទុក​ជូន​សមត្ថកិច្ច​តែ​ម្តង​ទៅ ។បើ​តាម​គណៈកម្មការ​អាចារ្យវត្ត​ឈូក​ម្នាក់ បាន​ឲ្យ​ដឹង​ថា វត្ត​ឈូក មិន​ងាយ​មាន​ចោរ​ចូល​ទៅ​លួច​របស់របរ​ក្នុង​វត្ត​បាន​ទេ តែ​ជនសង្ស័យ​រូប​នេះ ទំនងជា​គេ​បន្លំ​ធ្វើ​ជា​សាច់ញាតិ​អ្នកជំងឺ ហើយ​អាច​ស៊ើប​ដឹង​ថា របស់​មាន​តម្លៃ​នៅ​ត្រង់​ណា ទើប​បានជា​គេ​ចាប់ផ្តើម​ធ្វើ​សកម្មភាព​នោះ​តែ​ម្តង​។

ជាមួយ​គ្នា​នោះ​ដែរ វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចាប់​យក​ពី​ចោរ​នោះ​រួម​មាន ៖ ១- ញញួរ​ប្រវែង​៣​តឹក​ចំនួន​០១, ២- ដែក​ដាប់ថ្ម​ប្រវែង​៣​តឹក ចំនួន​១, ៣-​ត្បូង​ចំនួន​០៥​គ្រាប់​, ៤- ម៉ូតូ​ចំនួន​០១​គ្រឿង ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ​ពាក់ ផ្លា​ក​លេខ​​ព្រៃវែង 1V.៤១៤៩, ៥- អត្តសញ្ញាណប័ណ្ណ​ចំនួន​០១​សន្លឹក​, ៦- កា​បូក​ដាក់​លុយ​ចំនួន​០១, ៧- លុយ​ខ្មែរ​ចំនួន​២៦០០​រៀល​, ៨- ដែកកេស​ចំនួន​០១ និង​៩- ឈឺ​ជ្រុង​ប្រវែង​៧​តឹក​ចំនួន​០២​កំណាត់​ផង​ដែរ ។ក្រោយ​កើតហេតុ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន រួច​នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំចាយមារ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔