រាជធានីភ្នំពេញ ៖ ផ្ទុះការរិះគន់បែកផ្សែងជុំវិញសកម្មភាពនៃការសម្តែងក្នុងពិធីកាត់សក់មួយដែលមើលទៅមិនសមរម្យ និងមានលក្ខណៈស្រើបស្រាលពេក ខុសពីប្រពៃណីខ្មែរ ពិសេសគឺត្រង់ឈុតដែលតួស្រីមួយរូបឡើងអង្គុយលើអ្នកកំដរខាងប្រុសក្នុងរូបភាពពិបាកទទួលយកបាន ។រូបភាពវីដេអូ ដែលបង្ហាញពីសកម្មភាពនៃការសម្តែងក្នុងពិធីកាត់សក់មួយដែលមើលទៅមិនសមរម្យមួយនេះ ត្រូវបានគេបាននាំគ្នាចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ដោយនៅក្នុងនោះមានមហាជនជាច្រើនបាននាំគ្នាធ្វើការរិះយ៉ាងចាស់ដៃ ខណៈពេលដែលតារាជើងចាស់ និងពោរពេញទៅដោយបទពិសោធន៍២ដួង ក៏បានសម្តែងការរង្កៀសចិត្តយ៉ាងខ្លាំងផងដែរ។
យ៉ាងណាមិញ វីដេអូដែលកំពុងត្រូវបានមហាជនសម្តែងការមិនពេញចិត្តនោះ នៅមិនទាន់ដឹងថា រូបភាពមួយនេះត្រូវបានគេថតនៅពេលណា និងនៅទីកន្លែងណាឲ្យពិតប្រាកដនោះឡើយ ប៉ុន្តែតាមរយៈវីដេអូដែលបានឃើញនោះ គេឃើញអ្នកសម្តែងស្រីបានបញ្ចេញអាកប្បកិរិយាមួយមិនសមរម្យនឹងភ្នែកមហាជនដែលកំពុងផ្តោតអារម្មណ៍ទៅលើការសម្តែងនោះ។
អ្នកសម្តែងខាងស្រីបានសើយក្បិនដែលខ្លួនបានស្លៀក ហើយបានអង្គុយនៅពីលើអ្នកកំដរកូនប្រុសដែលសុទ្ធតែមានវ័យក្មេងខ្ចីនៅឡើយ ក្នុងពេលដែលនាងបានបង្ខំអោយក្មេងៗទាំងនោះយកដៃស្ទាបច្របាច់ជើងរបស់ខ្លួន ព្រមជាមួយនឹងកាយវិកាមិនសមរម្យមួយចំនួនទៀត ធ្វើឲ្យក្មេងៗកំដរនោះអៀន និងហាក់មានអារម្មណ៍ភ័យផងដែរ។
ចំណែកឯតួសម្តែងខាងប្រុសវិញ មិនបានហាមឃាត់ឡើយ ផ្ទុយទៅវិញបានជម្រុញថែមឲ្យអ្នកំដរកូនកំលោះនោះធ្វើទៅតាមអ្វីដែលតួនារីសម្តែងនោះចង់បាន ជាមួយនឹងសម្លេងសើចក្អាកក្អាយយ៉ាងកងរំពងពីទស្សនិកជនដែលកំពុងតែទស្សនាការសម្តែងនោះ។សកម្មភាពទាំងអស់នេះ បានធ្វើឲ្យមហាជនដែលបានឃើញវីដេអូនេះបាននាំគ្នាសម្តែងមតិស្រដៀងគ្នាថា សកម្មភាពនេះហាក់មិនសមរម្យតាមអ្វីដែលជាប្រពៃណីខ្មែរឡើយ ហើយអាកប្បកិរិយានៃការសម្តែងនេះមិនគួឲ្យកើតមានឡើយ បើអាចជៀសបានគួរតែជៀស។ជាការកត់សម្គាល់ តាមរយះការសម្តែងនេះដែរ តារាសម្តែងពហុជំនាញពីរដួង គឺអ្នកនាង ខាត់ សុឃីម និងលោក ដួង សុខគា បានសម្តែងការមិនពេញចិត្តដូចគ្នា ខណៈពេលអ្នកទាំងពីរបានយល់ឃើញដូចគ្នាថា នេះជាការសម្តែងពិបាកមើល និងមិនអាចទទួលយកបានឡើយ។
ក្នុងនាមជាអ្នកអាជីពលើផ្នែកនេះម្នាក់ដែរ អ្នកនាង ខាត់ សុឃីម បានលើកឡើងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា ការសម្តែងនេះ គឺគាត់លេងអោយមានការសើចសប្បាយ តែគាត់សម្តែងខ្លាំងជ្រុលពេក ដូច្នេះនាងក៏ពិបាក ហើយមិនដឹងជាត្រូវនិយាយយ៉ាងមេច។ នាងថា ក្នុងនាមជាសិល្បៈការិនីមួយរូបខ្ញុំមិនពេញចិត្តឡើយ ព្រោះបើយើងគិតពីផលប៉ះពាល់វិញ គឺទី១ វាប៉ះពាល់ដល់តម្លៃរបស់ស្ត្រីខ្មែរ និងទី២ វាក៏បានជះឥទ្ធិពលមិនល្អសម្រាប់អ្នកសិល្បៈដែលប្រកបអាជីពមួយនេះផង ហេតុនេះទាមទារឲ្យមានការអប់រំចំពោះពួកគាត់។អ្នកនាង ខាត់ សុឃីម បានគូសបញ្ជាក់ថា នាងមិនដឹងច្បាស់ទេ ការសម្តែងនោះគឺតម្រូវតាមម្ចាស់ដើមការដែលគេជួល ប៉ុន្តែការសម្តែងនោះមើលទៅរាងហួស ដូច្នេះនាងសំណូមពរដល់ស្ថាប័នពាក់ព័ន្ធគួរមានវិធានការរឹតបណ្តឹងលើបញ្ហានេះបន្តិច មិនអាចបណ្តែតបណ្តោយឡើយ។
យ៉ាងណា បើតាមអ្នកនាង ខាត់ សុឃីម ថា ក្នុងនាមជាសិល្បៈការិនីមួយរូបនាងសុំសំណូមពរដល់ក្រសួងវប្បធម៌ឲ្យរៀបចំបញ្ហាខាងលើនេះឡើងវិញ ព្រោះកន្លងមកគេអាចហៅអាចារ្យទូទាំងប្រទេសមករៀនសូត្របាន ចុះហេតុអ្វីគ្រាន់តែយើងអញ្ជើញមេក្រុមភ្លេង ក្រុមតន្ត្រីនឹងមកសិក្សាឲ្យបានគ្រប់គ្នា និងឲ្យស្គាល់ពីទម្រង់ច្បាស់លាស់ កុំអោយមានការប្រាស់ចាកខុសពីទម្រង់ដើមខ្លាំងពេក។
ដោយឡែកសម្រាប់តារាពហុជំនាញ និងពោរពេញដោយទេពកោសល្យលោក ដួង សុខគា វិញក៏បានលើកឡើងបញ្ហានេះប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា តាមយោបល់លោកការសម្តែងក៏គួតែមានក្រិតក្រមមួយដែរ ប៉ុន្តែការសម្តែងគឺអាស្រ័យទៅតាមស្ទីលផ្ទាល់ខ្លួនរបស់តារាម្នាក់ៗ។ តែទោះជាយ៉ាងណាកម្មវិធីមង្គលត្រូវគិតពីសិរីសួស្តី ហើយអ្វីដែលសប្បាយនឹងទទួលយកបាន ដោយមិនប៉ះពាល់ភាពអន់ថយនៃតម្លៃ។
លោកបញ្ជាក់ថា មែនទែនទៅដូនតាយើងបង្កើតឲ្យមានកម្មវីធីនេះឡើង ដោយអោយជាប្រថ្នូរ ឬប្រាថ្នាឲ្យកូនកំលោះ កូនក្រមុំទាំងសប្បាយរីករាយ និងការអប់រំ ប៉ុន្តែបើគាត់លេងតាមគ្នា ហើយលេងតាមរបៀបនេះវាបានធ្វើឲ្យមានការប៉ះពាល់ទៅវិញ។ លោកថា ការប៉ះពាល់នោះគឺប្រៀបបានគាត់យកអ្នកកំដរនោះដែលគ្នាអៀនងាកមុខចេញនោះ យកទៅលេងសើចឲ្យគ្នាភ័យនិងបារម្ភ មានន័យថា ដូចជាយើងចាប់គាត់បង្ខំគាត់អោយខ្មាស់គេជាមួយយើង។ មួយទៀតសម្រាប់មនុស្សស្រីដែលសម្តែងទៅដេកទៅដួលចឹង ហាក់មិនផ្តល់តម្លៃសម្រាប់មនុស្សស្រីឡើយ បើទោះបីនេះគ្រាន់តែជាការសម្តែងក៏ដោយ។
លោកបន្ថែមថា សម្រាប់អ្នកសិល្បៈ គឺបើមនុស្សស្រីយើងលេងឲ្យមានភាពថ្លៃថ្នូរ ព្រោះមិនយើងមិនល្អអាចមានមនុស្សខ្លះ ជាពិសេសបុរសៗគាត់មើលមកយើងមិនល្អ ហើយគិតថា ឲ្យតែអ្នកសិល្បៈដែលលេងបែបនេះសុទ្ធតែអាចលេងសើចបាន ឬក៏អ្វីផ្សេងទៀត ដែលនោះនាំឲ្យមានការអាប់ឱនដល់អ្នកសិល្បះទាំងមូល។
យ៉ាងណាបើតាមលោក ដួង សុខគា ថា ជាសំណូមពរលោកសុំឲ្យម្ចាស់ដើមការគួរើសក្រុមណាដែលគាត់សម្តែងមានក្រមសីលធម៌ ឬក៏អាចប្រាប់គាត់មុនឲ្យលេងក្នុងក្រមខណ្ឌមួយមានការគោរពគ្នា ផ្តល់បរិយាកាសសប្បាយរីករាយ និងការអប់រំមានរសជាតិសិល្បៈនៅក្នុងនោះ។ លោកក៏សូមសំណូមពរដល់ក្រសួង ឬស្ថាប័នពាក់ព័ន្ធគួរតែមានការអប់រំខ្លះចំពោះរឿងនេះ ដោយមិនមែនជាការដាក់ទណ្ឌកម្មឡើយ តែនេះគឺក្នុងគោលបំណងឲ្យពួកគាត់បានយល់ដឹងអំពីក្បួនខ្នាតនៃការសម្តែង ហើយបង់ចង់បែកក៏មិនត្រូវឲ្យហួសដែនកំណត់ដែលនាំឲ្យមានការប៉ះពាល់ដល់តម្លៃនៃសិល្បៈខ្មែរ៕