ទិវានៃសេចក្ដីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ប្រជាពលរដ្ឋខ្មែរមួយចំនួនបានចែករំលែកសេចក្ដីស្រលាញ់របស់ពួកគេទៅកាន់មនុស្សជុំវិញខ្លួន តាមរយៈការជូនបាច់ផ្កា ជូនកាដូ ចំណីអាហារ សម្ភារៈ ថវិកា ឬហូបអាហារពេលល្ងាចជុំគ្នា លក្ខណៈគ្រួសារ មិត្តភ័ក្ដិ គូស្នេហ៍ ឬក្រុមហ៊ុនជាដើម។
រីឯអ្នកមានជីវភាពធូរធាមួយចំនួន បានចែករំលែកសេចក្ដីស្រលាញ់តាមរយៈការបរិច្ចាគទ្រព្យធនរបស់ពួកគេខ្លះ ទៅកាន់ក្រុមអ្នកទន់ខ្សោយ កុមារកំព្រា ចាស់ជរា ជនអនាថា មន្ទីរពេទ្យ ឬអង្គការនានា។
ចំណែកអ្នកស្រី ទ្រី ដាណា ម្ចាស់ក្រុមហ៊ុន NNP នៅថ្ងៃទី១៤ កុម្ភៈនេះ បានបរិច្ចាគថវិកាជូនមន្ទីរពេទ្យព្យាបាលកុមារចំនួន២ ដោយមន្ទីរពេទ្យគន្ធបុប្ផាចំនួន ៥០០០ដុល្លារ និងមន្ទីរពេទ្យកុមារអង្គរចំនួន ៥០០០ ដុល្លារដូចគ្នា ដែលអ្នកស្រីចាត់ទុកជាការចែករំលែកក្ដីស្រលាញ់នៃទិវាមួយនេះ។
បន្ថែមលើសនេះ អ្នកស្រីក៏ឆ្លៀតលើកសរសើរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យ ក្នុងការជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជាដោយមិនមានការរើសអើងឡើយ។
តាមរយៈទំព័រហ្វេសប៊ុករបស់អ្នកស្រីបានសរសេរភ្ជាប់ខ្លឹមសារថា៖ «ថ្ងៃនេះ ១៤កុម្ភៈ ទិវានៃក្ដីស្រលាញ់ គឺផ្ដល់ក្ដីស្រលាញ់ដល់គ្រប់គ្នា នាងខ្ញុំបរិច្ចាគ 10000$ ជូនមន្ទីរពេទ្យ២ គឺមន្ទីរពេទ្យកុមារអង្គរ 5000$ និងមន្ទីរពេទ្យគន្ធបុផ្ផា 5000$ អរគុណក្រុមគ្រូពេទ្យ និងថ្នាក់ដឹកនាំទាំងអស់ ដែលខំប្រឹងសង្គ្រោះក្មេងៗ
ហើយក៏សង្ឃឹមថាក្មេងៗទាំងអស់អាចមានសុខភាពល្អ ជាពន្លកដ៏ស្រស់បំព្រងនៃឪពុកម្ដាយគ្រប់រូប បងប្អូនអាចបរិច្ចាគបាន ABA ផ្ទាល់ខាងក្រោម: មន្ទីរពេទកុមារអង្គរ: 000320555 ANGKOR HOSPITAL FOR CHILDREN LIMITED។ មន្ទីរពេទ្យគន្ធបុផ្ផា: 000791702 CAMBODIA KANTHA BOPHA FOUNDATION ។ អរគុណទឹកចិត្តទាំងអស់គ្នា ដែលតែងបរិច្ចាគជួយកុមារកម្ពុជានាពេលកន្លងមក»៕
