កម្សាន្ត៖ ការសម្រាកជួបជុំគ្រួសារ គឺជារឿងសំខាន់ណាស់ នាពេលរៀងរាល់ថ្ងៃចុងសប្ដាហ៍ បន្ទាប់ពីទំនេរពីការងារប្រចាំថ្ងៃ ដូច្នេះហើយ បុគ្គលមួយចំនួនតែងតែ រិះរកពេលវេលាដើម្បីបានសប្បាយជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់រៀងខ្លួន
ដោយយកពេលវេលាទាំងប៉ុន្មាននោះ ទៅលំហែកាយតាមទីកន្លែងកម្សាន្តនានា មិនថាជិតឬឆ្ងាយក្ដី រហូតអ្នកខ្លះទៀត មានពេលវេលាច្រើន និងថវិកាគ្រប់គ្រាន់ ពួកគេអាចធ្វើដំណើរកម្សាន្តតាមខេត្តឆ្ងាយៗ ឬខ្លះទៀតអាចធ្វើដំណើរទៅក្រៅប្រទេសក៏មាន។
ប៉ុន្តែសម្រាប់ អ្នកមួយចំនួនទៀត មិនមានពេលច្រើន និងមិនចង់ចំណាយកម្លាំងច្រើនក្នុងការធ្វើដំណើរ ពួកគាត់អាច ជ្រើសរើសទីកន្លែងជិតៗដើម្បីជួបជុំគ្រួសារ ក៏សប្បាយយកមិនអស់ផងដែរ។
១.រម្មណីយដ្ឋានទន្លេបាទី
ជាទីរម្មណីយដ្ឋានដ៏ចំណាស់មួយ ដែលស្ថិតក្នុងខេត្តតាកែវ តាមបណ្ដោយផ្លូវជាតិលេខ២ ដែលធ្វើដំណើរពីភ្នំពេញទៅ អាចនឹងចំណាយពេលប្រហែលជា ១ម៉ោងប៉ុណ្ណោះ។
ទីនោះមានបរិយាកាសបរិសុទ្ធណាស់ ជាមួយនឹងទឹកទន្លេដ៏ធំល្វឹងល្វើយ មើលដាច់កន្ទុយភ្នែក ថែមទាំងមាន កន្លែងអង្គុយទទួលទានអាហារ ពីប្រជាជនដែករស់នៅតំបន់នោះ ជាច្រើនតម្រៀបជួរគ្នាផងដែរ។
២.ស្មៅទន្លេ
ទីនេះក៏មានចម្ងាយមិនឆ្ងាយពីភ្នំពេញប៉ុន្មានដែរ ដែលមានទីតាំងស្ថិតក្នុងទីរួមខេត្តកំពង់ចាម។ កន្លែងនេះ កំពុងស្រូបយកប្រជាប្រិយភាពពីយុវវ័យច្រើន ព្រោះថានៅទីនោះមានបរិយាកាសស្រស់ស្រាយ ពិសេសមានកន្លែងថតរូបលេងស្អាតៗ ជាច្រើនកន្លែងផ្ទាល់តែម្ដង។
៣.រម្មណីដ្ឋានកំពូលពេជ្រ ( អន្លង់ភ្ញៀវ)
ទីនេះស្ថិតក្នុងខេត្តតាកែវ ដែលយើងអាចជិះពីភ្នំពេញទៅតាមបណ្ដោយផ្លូវជាតិលេខ៣ក៏បាន ឬអាចជិះតាមផ្លូវជាតិ លេខ៤ រួចបត់មកតាមផ្លូវជាតិលេខ ៤១ក៏បាន ហើយទីនេះក៏មិនឆ្ងាយពីភ្នំពេញប៉ុន្មាននោះដែរ ដែលអាចវិលល្ងាចវិញបានយ៉ាងងាយស្រួល។
ចំពោះទេសភាពនៅទីនោះ គឺមានភាពស្រស់ស្អាតខ្លាំងព្រោះថា មានភ្នំព័ទ្ធជុំវិញ និងរុក្ខជាតិបៃតង ព្រមនឹងការរៀបចំជាកញ្ជុះសម្រាប់ញ៉ាំអាហារក៏មានដែរ ទើបធ្វើឲ្យទីនេះ មានភ្ញៀវទៅទស្សនាកម្សាន្តច្រើនមិនដាច់ ចាប់តាំងពីបើកដំណើរការដំបូងកាលពីឆ្នាំ ២០១៧ មក។
៤.សួនកម្សាន្ត Sky Land
ដែលមានចម្ងាយប្រហែលជាង ១៧គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ ដែលស្ថិតក្នុង ឃុំវិហាសួគ៌ខេត្តកណ្ដាល។ ទីនេះ ក៏កំពុងទាក់ទាញចិត្តភ្ញៀវជាច្រើន ឲ្យទៅលេងកម្សាន្តផងដែរ ព្រោះថានៅទីនេះ មានកន្លែងកម្សាន្តជាច្រើន និងសម្បូរកន្លែងថតរូបស្អាតៗបានច្រើនផងដែរ។
