ហេតុអ្វីបានជា Huawei មិនអាចសម្រេចបំណងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលរបស់ពិភពលោកបាន?

(អាមេរិក)៖ ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា អត្រានៃការលក់ទូរស័ព្ទដៃបានធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ២០២០ ហើយ អាច នឹងបន្តធ្លាក់ចុះក្នុងកម្រិតមួយខ្ពស់ទៀត នៅក្នុងឆ្នាំ២០២១នេះ។ ការធ្លាក់ចុះនេះ បានធ្វើឱ្យ Huawei បាត់បង់ចំណាត់ថ្នាក់ ជា ក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលផងដែរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Area នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា មូលហេតុធំៗចំនួន២ បានធ្វើឱ្យអត្រានៃការលក់ទូរស័ព្ទដៃរបស់ក្រុមហ៊ុន Huawei ធ្លាក់ចុះ និងបាត់បង់តំណែងជាកំពូលក្រុមហ៊ុនផលិត និងលក់ ទូរស័ព្ទបាន ច្រើនជាងគេ។

លោក Richard Yu បិតាស្ថាបនិកក្រុមហ៊ុន Huawei ធ្លាក់បានប្រកាសកាលពីឆ្នាំ ២០១៥ថា នៅក្នុងរយៈពេល ៣ឆ្នាំក្រោយ ក្រុមហ៊ុន Huawei នឹងយកឈ្នះក្រុមហ៊ុន Apple ព្រមទាំងក្លាយជា ក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី២ នៅរយៈពេល ៥ឆ្នាំបន្ទាប់ (ឆ្នាំ២០២០) ក្រុមហ៊ុន Huawei នឹងក្លាយជាកំពូលក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបំផុត ដោយឈរនៅលេខរៀងទី១ បន្ទាប់ពីយក ឈ្នះ ក្រុមហ៊ុន Samsung។

ដោយឡែកនៅដើមឆ្នាំ ២០២១នេះ ក្រុមអ្នកឃ្លាំមើល ក៏ដូចជារបាយការណ៍នៃការលក់របស់ Huawei ផ្ទាល់បានបង្ហាញថា គិតត្រឹមចុងឆ្នាំ ២០២០ ក្រុមហ៊ុន Huawei បានស្ថិតនៅលេខរៀងទី៧ នៃក្រុមហ៊ុនផលិតស្មាតហ្វូន ឬក្រុមហ៊ុនលក់ស្មាតហ្វូនបានច្រើន ជាងគេ។

មូលហេតុចម្បងទី១ ដែលនាំឱ្យ Huawei មិនអាចសម្រេចបំណង ក៏ដូចជាគោលដៅរបស់ខ្លួនបាននោះគឺ ការដាក់ទណ្ឌកម្ម និងសម្ពាធ ពីសំណាក់លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។ លោកត្រាំ បាននិយាយថា ក្រុមហ៊ុន Huawei ស្ថិតក្រោម ការគ្រប់គ្រង ដោយរដ្ឋាភិបាល ឬយោធាចិន ដូច្នេះការប្រើប្រាស់ស្មាតហ្វូន ឬឧបករណ៍ទូរគមនាគមន៍ ជាពិសេសបច្ចេកវិទ្យា 5G របស់ Huawei អាច បង្កជាហានិភ័យដល់សន្តិជាតិអាមេរិក ព្រមទាំងបានអំពាវនាវឱ្យបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តនៅលើទឹកដីអឺរ៉ុប បញ្ឈប់ការប្រើប្រាស់ស្មាតហ្វូន ឬឧបករណ៍ទូរគមនាគមន៍របស់ Huawei។

ការដាក់ទណ្ឌកម្មនេះហើយ បានធ្វើឱ្យប៉ះពាល់ដល់ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសអាមេរិក ជាពិសេសគឺ តំបន់ អឺរ៉ុបទាំងមូល។

មូលហេតុទី២ គឺការលក់ក្រុមហ៊ុន Honor ឬស្លាកសញ្ញាស្មាតហ្វន Honor។ ត្បិតតែការលក់ក្រុមហ៊ុននេះទទួលបានប្រាក់ច្រើនក្ដី ប៉ុន្តែ Huawei បានបាត់បង់តួលេខនៃការលក់ស្មាតហ្វូន ព្រោះថាស្មាតហ្វូន Honor ត្រូវបានល្បី និងលក់ដាច់ខ្លាំងនៅតំបន់ទីផ្សារក្នុងស្រុកចិន និងអាស៊ី ជាពិសេសនៅប្រទេសឥណ្ឌា ដោយកាលពីឆ្នាំ២០១៩ ស្មាតហ្វូន Honor ត្រូវបានលក់ប្រមាណជា ៧០លានគ្រឿងតែទីផ្សារ ចិន មួយប៉ុណ្ណោះ ដោយស្មើនឹង ៣០ភាគរយនៃស្មាតហ្វូន Huawei លក់សរុបនៅជុំវិញពិភពលោក៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔