ភ្នំពេញ៖សូមមានការប្រុងប្រយ័ត្ន ជាមួយនឹងសារដែលបន្លំធ្វើជាសារមកពីធនាគារកាណាឌីយ៉ា
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាទើបតែបានរកឃើញមានអ្នកប្រើប្រាស់មួយចំនួនបានទទួលសារ ជាភាសាអង់គ្លេសដែលបន្លំធ្វើជាសារមកពីធនាគារកាណាឌីយ៉ា។
ដោយក្នុងសារនោះបានអះអាងថា គណនីធនាគាររបស់លោកអ្នកត្រូវបានចូលប្រើជាមួយឧបករណ៍ផ្សេងទៀត ហើយថែមទាំងផ្ដល់នូវតំណភ្ជាប់ដើម្បីឱ្យពួកគេបញ្ជាក់អំពីអត្តសញ្ញាណ (Your Canadia bank account has been logged in through another platform, please verify again to protect your rights. www.canadias.com)។
នៅពេលដែលអ្នកប្រើប្រាស់ចូលទៅគេហទំព័រតាមតំណភ្ជាប់នោះ វានឹងទាមទារឱ្យបំពេញព័ត៌មានលម្អិតមានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណបណ្ណ លេខទូរសព្ទ ឈ្មោះសម្រាប់ចូលទៅក្នុងគណនី និងលេខសម្ងាត់ផងដែរ។ តាមការស្រាវជ្រាវរបស់នាយកដ្ឋានបានរកឃើញថា នេះគឺជាគេហទំព័រក្លែងក្លាយដែលជនខិលខូចបង្កើតឡើងដើម្បីបោកបញ្ឆោតយកព័ត៌មាន ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីធនាគារ ក្នុងគោលបំណងលួចយកប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ។



