អបិយជំនឿអាបឬក្រេស! អ្នកដើរលេងបោះតង់អីគួរដឹងខ្លះហើយមុនពេលជួបរឿងនេះ

អាប(កម្ពុជា)​ ឬ​ ក្រេស(ប្រទេសថៃ)
#ដើមកំណើតអាប

ដើមឡើយ អាប​មាន​ដើមកំណើត​មកពី មនុស្ស​ស្រី​​ដែល​រៀន​មន្តអាគម​ស្នេហ៍មុខ លុះ​សិល្ប៍ស្នេហ៍មុខនេះ កាន់ជោគជាំ យូរៗទៅក៏បាន​ក្លាយជា​អាប​​។ មុន នឹងរូបមួយស្លាប់ អាប តែងតែស្វែងរក រូបថ្មី ដើម្បីសន្ធិតបន្តទៀត។ ​អាប​កម្រ​មានភេទ​ប្រុស​ណាស់ភាគច្រើន​មានតែ​ស្ត្រី​។ ប្រសិនបើមាននរណាម្នាក់ធ្វើឲ្យរូបស្ត្រី ដែលមានព្រលឹងអាបសណ្ឋិត​ កើតក្តីខឹងសម្បារ វិញ្ញាណអាបនោះ ក៏​កើតក្ដី​ខឹងសម្បារដែរ ហើយនឹង​ទៅធ្វើ​ឲ្យ​អ្នកនោះ​ចុកពោះ ឈឺ​ថ្កាត់ ឬ​អាច​ឈានដល់​ការ​ឡប់សតិ​បាត់បង់​ស្មារតី​លែង​ដឹង​ខុសត្រូវ​ក៏មាន​។

~

តែក៏មានព្រេងនិទានមួយដែលគេនិយាយតៗគ្នាថា អាបកើតចេញពីប្រទេសកម្ពុជាយើង ​គឺនៅក្នុងសម័យដែលព្រះនាងខ្មែរយើង ​លួចចាប់ចិត្តស្នេហានឹងមេទ័ពរាស្ត្រសាមញ្ញ ក៏ត្រូវគេចាប់ដុតសម្លាប់។ ដោយចង់ការពារខ្លួន ​និងមានជីវិតរស់នៅបន្តព្រះនាងបានសូត្របាលីដែលលោកយាយមន្តអាគមខ្មែរម្នាក់បង្រៀនទ្រង់ ​តែដោយសារតែព្រះនាងសូត្រមិនទាន់ ​បាលីអាចការពារត្រឹមតែពោះវៀនឡើងទៅលើតែប៉ុណ្ណោះ ​ដោយដកក្បាលចេញពីរាងកាយ ហើយខ្លួនប្រាណព្រះនាងក៏ឆេះខ្ទេចអស់។ តាម​ឮ ចាស់​ៗ តំណាលត​ៗ​គ្នា​មក​ថា រូប​អាប​ដើម​ឡើយ​បាន​សិក្សា​រៀនសូត្រ​ស្នេហ៍មុខ ។ រូប​អាប​កម្រ​មាន​ភេទ​ប្រុស​ណាស់ ។ ស្ត្រី​ដែល​រៀន​ស្នេហ៍មុខ​នេះ លុះ​បាន​កាន់​អនុវត្ត យូរ​ៗ​ទៅ សិល្ប៍​មន្ត​ស្នេហ៍​នេះ​ក៏​ចូល​ជោក​ក្នុង​ខ្លួន​ស្ត្រី​នេះ ហើយ​ក្លាយទៅជា​រូប​អាប​ទៅ ។ ព្រលឹង​អាប​បាន​សណ្ឋិត​ស្នាក់​នៅ​ក្នុង​តួអង្គ​រូប​នេះ​ជា​និច្ចកាល ។ ប្រសិនបើ​រូប​អាប​នេះ​ថ្នាំងថ្នាក់ អាក់អន់ចិត្ត ខឹង​នឹង​អ្នក​ណាមួយ ព្រលឹង​អាប​ទៅ​ធ្វើ​អ្នក​នោះ​ឱ្យ​ចុកពោះ ឈឺពោះ ឬ​ឡប់​ស្មារតី និយាយ​លែង​ដឹង​ខុស​ត្រូវ ។

~

~

ចាស់​ៗ​និយាយ​ទៀត​ថា ពេល​យប់​ព្រលឹង​អាប​ចេញពី​តួ​រូប​ទៅ​រកស៊ី​ឈាម​គំរង់ កូន​កង្កែប មាន​រូបភាព​ជា​ភ្លើងពណ៌​ខៀវ ធំ​ជាងភ្លើង​អំពិលអំពែក ។ ពេល​វា​ដើរ ឬ​អណ្តែត ភ្លើង​នេះ​មិន​មាន​សកម្មភាព ភ្លឹបភ្លែត​ៗ ភ្លឺ​រលត់​ៗ ដូច​អំពិលអំពែក​ទេ គឺ​វា​ភ្លឺ​ធ្លោ​រហូត​តែបើ​កាលណា​វា​ចង់​បំបាំង​ខ្លួន ឬ​គេច​ពី​ឧបសគ្គ​អ្វីមួយ វា​ពន្លត់ភ្លើង​ឱ្យ​ងងឹត​មួយ​រយៈ​។ បើ​សភាពការណ៍​បាន​ស្រួល​ជា​ឡើង​វិញ ទើប​អាប​បញ្ចេញ​រស្មី​ភ្លឺ​ខៀវ​ជា​បន្ត​ទៀត ។

~

~

គេ​តែង​ឃើញ​អាប​អណ្តែតប៉ប្រះ​ៗ ដី​ស្វែងរក​អ្នក​ដែល​ទើប​សម្ភព​កូន ថ្មី​ៗ​ដែល​ជា​ធម្មតា តែងតែមាន​ឈាម​ធ្លាក់​ចុះ​មក​ក្រោមផ្ទះ ឬ​ក្រោម​គ្រែ​ដែល​ជា​កន្លែង​សម្រាលកូន ។ ប៉ុន្តែ​ជា​ទូទៅ​នៅ​ស្រុកស្រែ​ចម្ការ ពេល​សម្រាលកូន​គេ​តែង​រក​គ្រូ​មក​ធ្វើ​ភ្លើង (​សែកមន្ត​វិជ្ជាការ​ព័ទ្ធសីមា ការពារ​ព្រាយ​ក្រឡាភ្លើង ឬ​ការពារ​អាប​មក​យាយី​ព្យាបាទ​ស្ត្រី​សំរាលកូន​) ដោយ​យក​អំបោះ​មក​ព័ទ្ធសីមា ឬ​ស្រាស់​បន្លា​ជុំវិញ​គំនរ​ឈាម ។ គេ​តែងតែ​និយាយ ត​ៗ​គ្នា​មក​ថា គេ​ឃើញ​រូបភាព​អាប​ជា​ពោះវៀន រ​តី​រ​តៃ​ធ្លាក់​ចុះ​ប៉ប្រះ​ដី ឯ​ភ្លើង​ខៀវ​ផ្នែក​ខាងលើ គឺជា​ក្បាល​អាប ។ គេ​ថា ពោះវៀន​នោះ​គឺជា​ពោះវៀន​របស់​ស្ត្រី​ជា​តួ​រូប​អាប​នោះ​ឯង ។ លុះ​ស្វែង​រកស៊ី​ចំណី​ក្នុង​ពេល​យប់​បាន​ឆ្អែតឆ្អន់​ហើយ ព្រលឹង ឬ​រូបភាព​អាប​ក៏​វិល​មក​ចូល​ក្នុង​តួ​រូប​អាប​ជា​មនុស្ស​វិញ (​ចំពោះ​បញ្ហា​អាប​នេះ អ្នកនិពន្ធ​រឿងភាពយន្ត​ខ្មែរ បាន​តែង​ជា​រឿង​មួយ​មាន​ចំណងជើង​ថា «​កូន​អើយ​ម្តាយ​អាប​» ក្នុង​សម័យ​ទស​វត្ស​ទី​៧០) ។

~

~

ប្រសិនបើ​ក្នុង​ពេល​រកស៊ី​មាន​ទាក់​ជាប់​ស្អិត​ក្នុង​បន្លា​រើ​ពុំ​រួច ឬ​ក៏​ត្រូវ​គ្រូសិល្ប៍​ណាមួយ​ចាប់​បាន​នោះ គេ​ថា​រូប​អាប​ជា​មនុស្ស​នោះ​នឹង​ត្រូវ​ឈឺ​ស្លាប់​ភ្លាម ។ នៅ​ក្នុងភូមិ​នានា​នៃ​ស្រុកស្រែ​ចម្ការ អ្នកផង​តែងតែ​ខ្លាច​រូប​អាប​នេះ​ណាស់ ។ បើកាលណា​រូប​អាប​នេះ​មក​រក​ទិញ ខ្ចី ឬ​សុំ​អ្វី​គេ​តែងតែ​បំពេញចិត្ត​គាត់​ភ្លាម ធ្វើ​យ៉ា​ង​ណា​កុំឱ្យ​គាត់​ខឹង ព្រោះ​ខ្លាច​ព្រលឹង​អាប​មក​ធ្វើ ប៉ុន្តែ​ជា​ចៃ​ច​ន្យ​បើ​យាយ​រូប​អាប ឈឺ​ស្លាប់​ដោយ​ត្រូវ​សិល្ប៍​គ្រូ​ខ្លាំងពូកែ​ណាមួយ ឬ​ស្លាប់​ដោយ​អស់​អាយុសង្ខារ​នោះ អ្នកស្រុក​គេ​ហាក់ដូចជា​ធូរចិត្ត​ច្រើន​ណាស់ ព្រោះ​គេ​លែង​មាន​អ្នក​ឱ្យ​ទុក្ខ​ដល់​គេ​ទៀត ។

~

លោកតា​កឹ​ម ផង់ បាន​មាន​ប្រសាសន៍​ថា គាត់​បាន​រៀនសូត្រ​មន្ត​គាថា ខ្លះ​ៗ​ដែរ សម្រាប់​ការពារ​អំពើ​របស់​អាប ឬ​ក៏​សម្រាប់​ចាប់​អាប​កុំ​ឱ្យមក​ធ្វើទុក្ខបុកម្នេញ​អ្នកស្រុក ឬ​ក៏​បណ្តេញ​អំពើអាក្រក់​របស់​អាប​ឱ្យ​វិនាស​ខ្ចាត់ខ្ចាយ​ក្នុង​គោលបំណង​ជួយ​សង្គ្រោះ​ញាតិ​អ្នកស្រុក​ពី​ការ​ព្យាបាទ​របស់​អាប ។ ជា​ញឹកញយ​ជាងគេ គេ​អាច​សម្គាល់​បាន​ថា អ្នកជំងឺ​ត្រូវ​អំពើ​របស់​អាប​ដោយ​ចុកពោះ​យា​៉​ង​ខ្លាំង ដាក់​ថ្នាំ​អ្វី​ក៏​ពុំ​ត្រូវ គេ​សង្កេត​ឃើញ​កែវភ្នែក​អ្នកជំងឺ​ចេះ​តែ​ក្រឡាប់ចាក់​ខុស​ប្លែក​ពី​ធម្មតា ។ បើ​មាន​សញ្ញា​បែប​នេះ គេ​ច្បាស់​ជា​ទៅ​អញ្ជើញ​គ្រូសិល្ប៍​មន្ត ដើម្បី​មក​បណ្តេញ​កម្ចាត់​អំពើ​របស់​អាប ។

~

~

គ្រូ​មិន​សុទ្ធតែ​អាច​សម្រេច​បំណង​ដេញ​អាប​បាន​ទាំង​អស់នោះ​ទេ ។ បើ​គ្រូ​ខ្សោយ​ជាង​អាប​នោះ សែកមន្ត​បញ្ចេញ​អាប​មិន​ចេញពី​អ្នកជំងឺ​ឡើយ គឺ​នៅ​តែ​ឈឺ​ដដែល ។ ជួនកាល​អាប​បាន​ចំអក​ឡកឡាយ​ឱ្យ​គ្រូ​តាម​រយៈ​អ្នកជំងឺ មាន​ខម​អណ្តាត ញាក់មុខ​ពេបមាត់​ដាក់​គ្រូ ឬ​ពោល​ពាក្យ​ថា «​យើង​មិន​ខ្លាច​ឯង​ទេ អញ្ជើញ​ថយ​ចេញ​ជា​ប្រញាប់​»…

ប៉ុន្តែ​បើ​គ្រូ​នោះ​ពូកែ​ខ្លាំង​ខាង​សិល្ប៍សាស្ត្រ​មន្ត​គាថា​វិញ គេ​មាន​សមត្ថភាព ឬ​មធ្យោបាយ​ដ៏​ស័ក​សិទ្ធិ ដើម្បី​បណ្តេញ​បង្ក្រាប​អាប​ឱ្យ​ខ្លបខ្លាច ឱ្យ​ចេញ ឬ​ចាប់ចង​អាប​សួរ​ចម្លើយ ឱ្យ​ប្រាប់​ឈ្មោះ​ប្រាប់​ទីកន្លែង​ដែល​វា​នៅ ។ គ្រូ​ខ្លាំង​អាច​ធ្វើ​ឱ្យ​អាប​ឈឺចាប់ ហើយ​ស្រែក​ទ្រហោយំ​អង្វរ​ញ័រ​ដៃ ញ័រ​ជើង សន្យា​ថា នឹង​លែង​មក​ធ្វើ​អ្នកស្រុក អ្នក​ភូមិ​ទៀត​ហើយ ។ តាម​រយៈ​សម្តី​អ្នកជំងឺ អាប​អង្វរ​គ្រូ​ថា «​សូម​មេត្តា​កុំ​សម្លាប់ ព្រោះ​មានកូន​ច្រើន​នៅ​ក្នុង​បន្ទុក ។ បើ​គ្រូ​សម្លាប់ ខ្លួន​នឹង​ចោល​កូន​ឱ្យ​នៅ​កំ​ព្រី​កំព្រា លំបាក​វេទនា​ជា​មិន​ខាន​» ។

~

~

គ្រូខ្មែរ​យើង​ច្រើន​តែ​ជា​អ្នក​ជ្រួតជ្រាប​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ ម្ល៉ោះហើយ​គេ​តែងតែ​មានធម៌​មេត្តា​អត់​ទោស សន្តោស​ដល់​អាប គ្រាន់តែ​វាយដំ​ដោយ​ឫ​ទ្ធី​នៃ​មន្តអាគម តែ​មិន​សម្លាប់​ទេ ។ គេ​ជឿ​ថា បើ​សម្លាប់​ព្រលឹង​អាប​នោះ រូប​ដែល​ព្រលឹង​អាប​សណ្ឋិត​នោះ​ក៏​ស្លាប់​ដែរ ។ ធម្មតា​គ្រូ​តែង​មានចិត្ត​ធម៌​អាណិត​ទាំង​អ្នកជំងឺ អាណិត​ទាំង​អាប ពោល​គឺ​គេ​សង្គ្រោះ​អ្នកជំងឺ​ឱ្យ​ឆ្លង​ផុត​ពី​អំពើ​របស់​អាប ហើយ​លោះ​លា​ត្រា​ប្រណី​អាប​ឱ្យ​មានជីវិត​រស់នៅ​តទៅ​ទៀត តែ​ត្រូវ​លះបង់​អំពើអាក្រក់​ជា​ដាច់ខាត ។

~

~

អត្តបទរៀបរាងដោយ៖ ក្រុមការងារខ្មែរសាយ
ប្រភព៖ ស្រាវជ្រៀវមកពីមន្តអាគមខ្មែរ

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔