ភ្នំពេញ:មុនពិធីបុណ្យចូលឆ្នាំចិនឈានមកដល់ម្តងៗគេឃើញបងប្អូនជនជាតិចិនក្នុងនេះមិនថាជនជាតិខ្មែរខ្សែស្រឡាយចិនរស់នៅប្រទេសកម្ពុជាទេ គេតែងតែមានការសម្អាតផ្ទះសម្បែងនិងពិសេសមានការតុបតែងលម្អយ៉ាងស្រស់ស្អាតដើម្បីទទួលស្វាគមន៍ឆ្នាំថ្មីដែលគេជឿថានឹងនាំមកនូវសិរីមង្គល ជួយបង្កើនជោគសំណាងដល់ខ្លួន។
~
គួរបញ្ជាក់ថាពិធី បុណ្យចូលឆ្នាំ ប្រពៃណីចិន នាឆ្នាំនេះនឹងឈានមកដល់ ថ្ងៃទី១១ ដល់ ថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ ២០២១។សម្រាប់ថ្ងៃទី១១ខែកុម្ភៈគឺជាថ្ងៃសែនជីដូនជីតា ហើយ៣ថ្ងៃទៀតគឺជាថ្ងៃបុណ្យចូលឆ្នាំថ្មីដែលឆ្នាំចាស់ឆ្នាំកណ្តុរផ្លាស់ ឆ្លងចូលឆ្នាំឆ្លូវឬជាឆ្នាំគោវិញ។
~
ពាក់ព័ន្ធ ក្នុងរឿងនេះ លោក បណ្ឌិត ជា មុនីឬទ្ធី ប្រធាន សមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ប្រាប់រស្មីកម្ពុជាឱ្យដឹងថា ទម្លាប់នៃការរៀបចំផ្ទះសម្បែងក៏ដូចជាតុបតែង គេហដ្ឋានអបអរសាទរឆ្នាំថ្មីមិនត្រឹមតែជនជាតិចិនទេគឺជនជាតិដទៃក៏គេតែងអនុវត្តវិធីនេះដូចគ្នា។ការរៀបចំផ្ទះសម្បែងមិនក្រៅពីទទួលស្វាគមន៍ឆ្នាំថ្មីទេ ប៉ុន្តែគេក៏មានជំនឿពីការទទួលនូវសិរីសួស្តីឆ្នាំថ្មីនិងការជូនពរជ័យពីទេវតាឆ្នាំថ្មីផងដែរ។
~
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រូបនេះបានបញ្ជាក់ប្រាប់ថា ”នៅក្នុងការដុសលាងសម្អាតផ្ទះសម្បែងនិងការតុបតែងលម្អរផ្ទះឬអ្នកខ្លះថែមទាំង លាបថ្នាំផ្ទះថ្មី ក៏ដូចជាបិទក្រដាសនានានោះក្រៅពីដើម្បីទទួលឆ្នាំថ្មីហើយ ពួកគាត់នៅមានជំនឿនាំមកនូវសេចក្តីសុខ និងចម្រុងចម្រើនដល់ក្រុមគ្រួសាររបស់ខ្លួន”។
~
លោកថា ជនជាតិចិនចូលចិត្តបិទរូបឬក្រដាសសិរីសួស្តីជាពណ៌ក្រហមពីព្រោះថាជាពណ៌គេមានជំនឿនាំមកជោគសិរីសួស្តី។ក្រៅពីនេះពណ៌នេះនៅជួយកម្ចាត់ឧបទ្រព្យចង្រៃឱ្យចៀសចេញឆ្ងាយផង។
~
ទាក់ទិនទៅនឹងបុណ្យចូលឆ្នាំថ្មី និង ជំនឿជនជាតិចិននេះដែរ លោក បណ្ឌិត ជា មុនីឬទ្ធី បានឱ្យដឹងបន្ថែមថាសម្រាប់ទស្សនៈជនជាតិចិនតែងជឿជាក់៣យ៉ាងក្នុងការតុបតែងផ្ទះសម្បែងពណ៌ក្រហមនេះដែរគឺ ទី១ជួយបណ្តេញឧបទ្រព្យចង្រៃ និងពិសេសនាំមកជោគសិរីសួស្តីវិញ។ទី២ព្យួរផាវពណ៌ក្រហមពីព្រោះថាសម្លេងផ្ទុះរបស់ផាវបណ្តេញសត្វកាចសាហាវ និងខ្មោចព្រាយបិសាចចេញឆ្ងាយ និងទី៣គេដុតបំភ្លឺទានឬគោមរយៈពេល៣ថ្ងៃដោយមិនទុកឱ្យងងឹតដើម្បីកុំឱ្យសត្វកាចសាហាវ ឬព្រាយបិសាចមិនហ៊ានមកក្បែរ។
~
ពាក់ព័ន្ធក្នុងប្រពៃណីបុណ្យចូលឆ្នាំចិនេះដែរលោកបណ្ឌិត ជា មុនីឬទ្ធី ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានឱ្យដឹងដែរថាក្រៅពីការតុបតែងផ្ទះសម្បែងចេញជនជាតិចិនក៏មិនភ្លេចទិញចំណីចំណុកសម្រាប់ត្រៀម សែន ជីដូន ជីតា ក្នុងការនាំមកជោគសំណាងល្អទៀតផង។
ដោយឡែកបើតាមការស្រាវជ្រាវនៃ ឯកសារ ចិនវិញបង្ហាញថាជនជាតិចិនតែងចូលចិត្តតុបតែងក្រដាសពណ៌ក្រហមនានាតាមផ្ទះសម្បែងដែលគេមានជំនឿពី ឥទ្ធិពល និងភាពស្រស់ស្អាតក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។
~
សម្រាប់ជំនឿរបស់របរសំខាន់ៗដែលគេតែងប្រើយកមកតុបតែងផ្ទះទាំងនេះរួមមាន៖
១)គោមពណ៌ក្រហម
គោមពណ៌ក្រហមគេជឿជាក់ថាតែងជួយបណ្តេញរាល់ឧបទ្រពចង្រៃឱ្យចេញឆ្ងាយពីផ្ទះសម្បែង។ក្រៅពីនេះជនជាតិចិននៅធ្វើការព្យួរគោមពណ៌ក្រហមក្នុងរថយន្តដែលគេជឿជាក់ថានៅជួយការពារគ្រោះភ័យនិងបណ្តេញរាល់អំពើអាក្រក់ឱ្យចាកចេញឆ្ងាយ។
~
២)ដើមក្រូចខ្វិច(ផ្លែពណ៌ក្រហម)
ផ្លែក្រូចពណ៌ក្រហមមានន័យទៅដល់មាសនិងជោគលាភ។ក្រៅពីនេះដោយសារក្រូចពណ៌ប្រភេទនេះមានពណ៌ដូចមាស ដែលបញ្ជាក់ពីទ្រព្យសម្បត្តិទើបវាបានក្លាយជារបស់និម្មិតរូបទៅដល់ការមានទ្រព្យមានសំណាងនិងជោគលាភ។តាមជំនឿហើយសម្រាប់ក្រូចប្រភេទនេះគេអាចទិញទាំងដើមមកតុបតែងផ្ទះសម្បែងនិងទិញផ្លែមកសែនព្រេនក៏នឹងទទួលបានផលដូចគ្នា។
៣)រូបសំណាកនិម្មិតរូបប្រចាំឆ្នាំកំណើត
រូបសំណាកប្រចាំឆ្នាំក៏ជារបស់សំខាន់មួយទៀតដែលគេតែងទិញមកតុបតែងផ្ទះសម្បែងសម្រាប់សិរីមង្គល និងនាំជោគលាភមកឱ្យ។ក្នុងនេះដូចជាឆ្នាំកុរជានិម្មិតរូបសត្វជ្រូកគេតែងទិញរូបសំណាកសត្វជ្រូកមកដាក់ផ្ទះដែលបញ្ជាក់ពីសិរីមង្គលនិងភាពសំបូរសប្បាយជាដើម។
៤)ផាវពណ៌ក្រហម
ជនជាតិចិនភាគច្រើនចូលចិត្តអុជផាវនៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ដើម្បីបណ្តេញឧបទ្រចង្រៃឱ្យចាកចេញឆ្ងាយ។ទោះបីយ៉ាងណាក្តីដោយសារផាវនាពេលបច្ចុប្បន្នគេបានហាមប្រាណមិនឱ្យអុជបង្កសម្លេងក្តុងក្តាំងបន្តទៀតនោះ ទើបបច្ចុប្បន្នគេឃើញមានការផលិតផាវសម្បនិម្មិតមកតាំងលម្អរផ្ទះជំនួសវិញ។ការតាំងបង្ហាញផាវសម្បនិម្មិតជំនួសការដុតនេះក៏គេជឿជាក់ថានឹងទទួលបាននូវជោគលាភនិងទទួលបានផលល្អដូចគ្នានឹងការអុជបំផ្ទុះផាវពិតផងដែរ៕
~
ប្រភព៖រស្មីកម្ពុជា