មីយ៉ាន់ម៉ា៖បាតុកម្មមហាជនបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យនៅទីក្រុងយ៉ាងហ្គោននិងម៉ាន់ដាឡេ ដោយមនុស្សរាប់ម៉ឺននាក់បានចូលរួមការតវ៉ាប្រឆាំងរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់មេដឹកនាំ អ៊ុង សាន ស៊ូជី ។ការប្រឆាំងតវ៉ាបានប្រព្រឹត្តទៅដោយសន្តិវិធីនិងមិនមានការប្រឈមមុខជាមួយកងកម្លាំងទេ។
~
តែនៅថ្ងៃចន្ទទី៨កុម្ភៈនេះ ប៉ូលិសបានប្រើឡានបាញ់ទឹកលើអ្នកប្រឆាំងតវ៉ា នៅក្នុងរដ្ឋធានី ណៃពីដោរ របស់មីយ៉ាន់ម៉ា នេះបើតាមការផ្សាយរបស់សារព័ត៌មាន។យោងតាមរបាយការណ៍ និងរូបភាពបង្ហោះក្នុងបណ្តាញសង្គម កងកម្លាំងអនុវត្តច្បាប់បានបាញ់ទឹកលើមនុស្សរាប់ពាន់នាក់។
~
នៅថ្ងៃចន្ទនេះពួកឧត្តមសេនីយ៍មីយ៉ាន់ម៉ា ប្រឈមការប្រឆាំងកាន់តែធំ ដោយហ្វូងមនុស្សធំៗទាមទារអោយដោះលែងលោកស្រីស៊ូជី និងទទួលស្គាល់លទ្ធផលឆ្នោត។
~
នៅក្រុងយ៉ាងហ្គោន បាតុករបានជួបជុំគ្នាឡើងវិញក្រោយមានការជួបជុំតវ៉ាដ៏ធំកាលពីថ្ងៃអាទិត្យ។ពួកអ្នកប្រឆាំងតវ៉ាស្រែកថា «បរាជ័យភាពផ្តាច់ការយោធា»និង«ដោះលែងអ៊ុង សាន ស៊ូជី និងអ្នកត្រូវបានចាប់ខ្លួនដទៃទៀត» នៅពេលអ្នកខ្លះទៀតលើកម្រាមដៃ៣ជាសញ្ញាចលនាតស៊ូរបស់គេហើយកាន់បដាសរសេរថា«សង្គ្រោះមីយ៉ាន់ម៉ា » និង «យើងចង់បានលទ្ធិប្រជាធិបតេយ្យ» ។ខ្លះទៀតច្រៀងបទចំរៀងបដិវត្តន៍។
~
សូមរំលកថា កាលពីថ្ងៃចន្ទមុន យោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលនិងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នមួយឆ្នាំ ក្រោយពីចោទគណបក្សរបស់លោកស្រីស៊ូជីថាលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតសកលកាលពីខែវិច្ឆិកាឆ្នាំមុនដែលនាំអោយគណបក្សគាំទ្រយោធា ចាញ់ងើបមុខលែងរួច។
~
មេដឹកនាំពិភពលោកជាច្រើនរួមមានប្រធានាធិបតី អាម៉េរិក ចូ បៃដិន បានថ្កោលទោសរដ្ឋប្រហារនេះ និងទាមទារអោយដោះលែងលោកស្រីស៊ូជីនិងអ្នកត្រូវចាប់ខ្លួនដទៃទៀតជាបន្ទាន់ ទោះជាយ៉ាងណាមេដឹកនាំប្រទេសខ្លះចាត់ទុកព្រឹត្តិការណ៍នៅមីយ៉ាន់ម៉ា ជាបញ្ហាផ្ទៃក្នុងប្រទេសនេះ។
~
សម្តេចសង្ឃកាតូលិច ហ្វ្រង់ស៊ីស កាលពីថ្ងៃអាទិត្យបានសម្តែងសាមគ្គីភាពជាមួយប្រជាជនមីយ៉ាន់ម៉ា ដោយអំពាវនាវអោយយោធាធ្វើការឆ្ពោះទៅរក«ការរួមរស់ជាមួយគ្នាបែបប្រជាធិបតេយ្យ»៕
~
ប្រភព៖រស្មីកម្ពុជា