ណាត់គូរស្នេហ៍មកជួបថ្ងៃ១៤កុម្ភៈថា Surprise សង្សាតែមានអីសង្សា Surprise វិញដោយប្រាប់ប៉ូលិសថា…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងរបស់យុវតីជាសិស្សសាលាម្នាក់ រួចព្យាយាមរត់គេចខ្លួនបាន២ថ្ងៃ លុះដល់ថ្ងៃ១៤កុម្ភៈ ក៏ជិះម៉ូតូបំណងទៅណាត់ជួបស្រីស្នេហ៍ ស្រាប់តែមិនទាន់បានជួបផងក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់។

~

ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចហាងការហ្វេ TBR ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

~

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនរូបនេះ មានឈ្មោះណាប់ សុខា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកម៉ូតូដែលជនសង្ស័យលួចម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1U-5998 ជាកម្មសិទ្ធិរបស់ឈ្មោះភឿន កេសី ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្សវិទ្យាល័យសិរីសោភ័ណ មានលំនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

~

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1U-5998 ពីកន្លែងផ្ញើម៉ូតូដែលមានម្ចាស់ឈ្មោះភឿន កេសី ជាសិស្សវិទ្យាល័យសិរីសោភ័ណ។

~

ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលក្រុងសិរីសោភ័ណ ធ្វើការស្រាវជ្រាវតាមរកមុខសញ្ញបង្កល្មើសនិងដោយមានកាមេរ៉ាសុវត្ថិភាពផងនោះ កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវនិងកំណត់បាននូវមុខសញ្ញាជនបង្កល្មើស។

~

លោកអធិការបន្តថា លុះនៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងនគរបាលបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះណាប់ សុខា នៅចំណុចហាងការហ្វេ TBR នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ យកមកសាកសួរចម្លើយ រួមទាំងម៉ូតូ១គ្រឿងរបស់ជនរងគ្រោះផងដែរ។

~

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់យុវសិស្សវិទ្យាល័យសិរីសោភ័ណ នោះមែន ដោយរូបគេបានលួចតាំងពីល្ងាចថ្ងៃទី១២ កុម្ភៈ លុះមកដល់ព្រឹកថ្ងៃ១៤កុម្ភៈ នឹកថាជិះម៉ូតទៅណាត់ជួបសង្សារ ដឹងអីមិនទាន់បានអីផង ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។

~

ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ និងការដកហូតបានវត្ថុតាងជាក់ស្តែងម៉ូតូរបស់ជនរងគ្រោះ ដែលជនល្មើសបានលួចផងនោះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនិតិវិធី។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔