សម្ដេចតេជោ ហ៊ុន សែន ស្នើរឱ្យប្រជាពលរដ្ឋពាក់ព័ន្ធនឹងទីកន្លែងដែលមានការប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មកធ្វើការយកសំណាក ហើយធ្វើចត្តាឡីស័កជាបន្ទាន់

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងទីកន្លែងដែលមានការប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មកធ្វើការយកសំណាក ហើយធ្វើចត្តាឡីស័កចេញផ្សាយ ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២១ AKP ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ —

~

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវចំពោះប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ ជាមួយនឹងទីកន្លែងដែលមានការប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ជាពិសេសអ្នករត់ម៉ូតូកង់បី តាក់ស៊ី និង Pass App មកធ្វើការយកសំណាក រួចហើយបន្តរៀបចំការធ្វើចត្តាឡីស័ក។

~

ក្នុងសារបន្ទាន់ជាសម្លេង នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោមានប្រសាសន៍ថា ក្នុងរយៈពេលបីថ្ងៃកន្លងទៅនេះ ចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គឺនៅបន្ត ហើយទីកន្លែងដែលត្រូវបិទដើម្បីស្រាវជ្រាវក៏កាន់តែមានការលំបាក បូករួមជាមួយភាពរាយប៉ាយនៃបញ្ហា ដែលធ្វើឱ្យយើងត្រូវប្រកាន់យកវិធានការចាំបាច់

~

ដែលក្នុងនោះវិធានការទី១ ត្រូវបានស្នើឡើងដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គឺសុំបិទសាលារៀន ទាំងនៅទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ចំនួន២សប្ដាហ៍យ៉ាងតិច។ ដែលនេះជាវិធានការដើម្បីឆ្លើយតប ជាមួយនឹងកិច្ចការពារ សម្រាប់គ្រូបង្រៀន សិស្សានុសិស្ស និស្សិត នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាលផងដែរ ដូច្នេះទាំងសាលារដ្ឋ និងឯកជនត្រូវធ្វើដូចគ្នា។

~

ក្នុងសារជាសម្លេងនេះដែរ សម្ដេចតេជោក៏បានអំពាវនាវដល់បងប្អូនដែលត្រូវរៀបពិធីមង្គលការទាំងឡាយ គឺប្រសិនបើអាចពន្យារពេលបាន គឺសុំពន្យារ ប្រសិនបើមិនអាចពន្យារពេលបានទេ សូមមេត្តាកាត់បន្ថយចំនួនមនុស្សចូលរួមឱ្យនៅតិចបំផុតតាមដែលអាចធ្វើទៅបាន និងគោរពតាមវិធានរបស់ក្រសួងសុខាភិបាល។ សម្ដេចតេជោបានលើកឡើងថា នេះជាវិធានការដើម្បីឆ្លើយតបជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងទ្រង់ទ្រាយដែលមកដល់ពេលនេះ ទំហំប្រតិបត្តិការរបស់យើងកាន់តែធំទៅៗ មុខសញ្ញាដែលត្រូវគ្រប់គ្រងគឺកាន់តែច្រើន។

~

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏សូមអង្វរករចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ ប្រសិនបើគ្មានការចាំបាច់ទេ សូមមេត្តាកុំចេញខាងក្រៅ ដើម្បីចៀសវាងនូវការឆ្លងរីករាលដាលកូវីដ១៩ ដែលមើលមិនឃើញ ដែលអាចនិយាយបានថា ពេលនេះលំបាកជាងព្រឹត្តិការណ៍ ៣វិច្ឆិកា និង២៨វិច្ឆិកា ទៅទៀត ព្រោះយើងឃើញពន្លឺខ្លះ ប៉ុន្តែទីងងឹត ក៏នៅមានច្រើនដែលយើងមិនទាន់អាចរកឃើញ។ សម្ដេចតេជោថ្លែងបន្តថា នៅតាមស្ថាប័ន ក្រសួង សម្រាប់ការប្រជុំនានា បើពន្យារបានក៏ពន្យារ បើពន្យារមិនបានទេ ក៏អាចធ្វើតាមអនឡាញ។

~

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានឱ្យដឹងដែរថា សម្ដេចនឹងពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង ដើម្បីលុបចោលកម្មវិធី ដែលសម្ដេចគ្រោងចូលរួមក្នុងសប្ដាហ៍នេះ ដែលក្នុងនោះ មានកម្មវិធីសម្ពោធសណ្ឋាគារ និងសន្និបាតរបស់ក្រសួងមហាផ្ទៃ ព្រោះថាសភាពការណ៍ស្ថិតក្នុងរង្វង់នៃបញ្ហា ដែលត្រូវពិចារណា ដើម្បីរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អ។

~

សម្ដេចប្រមុខរាជរដ្ឋាភិបាលបានប្រកាសថា នឹងមិនបិទចំពោះសកម្មភាពសេដ្ឋកិច្ច ដូចជារោងចក្រសហគ្រាស ភោជនីយដ្ឋាន អាហារដ្ឋាន ប៉ុន្តែត្រូវយកចិត្តទុកដាក់ រក្សាគម្លាត សុវត្ថិភាពឱ្យបានហ្មត់ចត់បំផុត ស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងទៅនេះ ហើយបន្តប្រគល់នូវអំណាចសម្រាប់អភិបាលរាជធានី-ខេត្តទាំងអស់ ធ្វើការបិទចំពោះភោជនីយដ្ឋាន អាហារដ្ឋានឬកន្លែងលក់ដូរណា ដែលមិនធ្វើទៅតាមវិធានរបស់ក្រសួងសុខាភិបាល។ សម្ដេចតេជោក៏បានស្នើឱ្យអភិបាលរាជធានីភ្នំពេញ បន្តចែកម៉ាស់ឱ្យប្រជាពលរដ្ឋក្រីក្រ អ្នកលក់ដូរនៅតាមផ្សារ ដែលពួកគាត់ខ្វះម៉ាស់ ប៉ុន្តែអ្នកដែលមានម៉ាស់ហើយនោះ ពេលធ្វើដំណើរតាមផ្លូវចាំបាច់ត្រូវតែពាក់ម៉ាស់។

~

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់អ្នករស់នៅតាមខេត្ត បើមិនចាំបាច់សូមផ្អាកការធ្វើដំណើរចូលរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយហានិភ័យនៃការចម្លង។តាមរយៈសារសំឡេងបន្ទាន់នេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈនេះ មានករណីឆ្លងមេរោគកូវីដ-១៩ចំនួន ១៣នាក់ បន្ថែមទៀត ខណៈសំណាករាប់រយបាន និងកំពុងបន្តយកទៅវិភាគ ដែលក្នុងរយៈពេលបីថ្ងៃមកនេះ (ចាប់ពីថ្ងៃទី២០) គឺមានករណីឆ្លងនូវមេរោគកូវីដ១៩ ជិតមួយរយនាក់ហើយនោះ។

~

គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន៤៧៥នាក់ និងអ្នកជំងឺចំនួន៩៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔