ប្រទេសមីយ៉ាន់ម៉ា:ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានវិលត្រឡប់មកតាមដងផ្លូវទីក្រុង និងទីប្រជុំជនវិញនៅថ្ងៃអង្គារម្សិលមិញនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន U.S. News ។ នៅទីក្រុង Mandalay ដែលជាទីក្រុងធំបំផុតទី២ របស់ប្រទេសមីយ៉ាន់ម៉ា
~
ពិធីបុណ្យសពមួយត្រូវបានធ្វើឡើងសម្រាប់លោក Thet Naing Win អាយុ ៣៧ឆ្នាំ ដែលជាអ្នកតវ៉ាម្នាក់ក្នុងចំណោម ២នាក់ ដែលត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។លោកនិងក្មេងជំទង់ម្នាក់ទៀតត្រូវបានគេសម្លាប់ នៅពេលដែលប៉ូលីស និងយោធាបានបើកការបាញ់បោះបំបែកហ្វូងអ្នកតវ៉ា
~
~
ដោយសារក្រុមអ្នកតវ៉ាព្យាយាមចូលទៅគាំទ្រក្រុមកម្មករដែលចេញមកធ្វើការប្រឆាំងរួមគ្នា ប៉ុន្តែអាជ្ញាធរបានបង្ខំក្រុមកម្មករឱ្យត្រឡប់ទៅធ្វើការរបស់ពួកគេវិញ។ កម្មករបានចេញមកតវ៉ា ក៏ដូចជាក្រុមអ្នកធ្វើការស៊ីវិល និងកម្មករសហគ្រាសផ្សេងទៀត សុទ្ធតែបានមកចូលរួមក្នុងចលនារើបម្រះ (Civil disobedience) ដើម្បីប្រឆាំងនឹងរដ្ឋប្រហារ
~
កាលពីថ្ងៃទី០២ ខែកុម្ភៈ កន្លងទៅនេះ និងការចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក វីន ម្យីន៍ ។ចំណែកក្រុមយោធាមីយ៉ាន់ម៉ានៅតែប្រកាន់ជំហររបស់ពួកគេ ដោយបាននិយាយថា ពួកគេធ្វើរដ្ឋប្រហារនេះ ដោយសារតែមានភាពមិនប្រក្រតីចំពោះលទ្ធផលបោះឆ្នោតកាលពីខែវិច្ឆិកាចុងឆ្នាំមុន។
~
ការអះអាងរបស់ពួកយោធាធ្លាប់ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតបដិសេធ លុះក្រោយមកសមាជិករបស់គណៈកម្មការក៏ត្រូវបានពួកយោធារើរុះចេញទៀត។ ពួកយោធានិយាយថា ពួកគេនឹងគ្រប់គ្រងប្រទេសនេះរយៈពេលមួយឆ្នាំពេញ ក្រោមហេតុផលដាក់ប្រទេសក្នុងគ្រាអាសន្ន ហើយធ្វើការស្រង់មតិតាមក្រោយ៕
~
ប្រភព៖ខ្មែរណូត