រឿងរ៉ាវដ៏គួរ​ឲ្យសង្វេគ!!ក្មេងស្រីអាយុ ១៣ ឆ្នាំ ជាប់ដកខ្លួនមិនចេញក្នុងហេតុការណ៍រញ្ជួយដី ….

នេះគឺជារឿងរ៉ាវដ៏គួរ​សង្វេគរបស់ក្មេងស្រីឈ្មោះ Omayra Sánchez ចំពោះរូបថតដែលបានបង្ហាញនេះ បើប្រិយមិត្តមើលតែមួយភ្លែត ប្រាកដណាស់អ្នកនឹងមានអារម្មណ៍ស្លុតចិត្ត តាមពិតវាជារូបថតដែលបានបង្ហាញពីរឿងរ៉ាវ នៃសោកនាដកម្មមួយនៅក្នុងប្រវត្តិសាស្ត្រ ។
ចំពោះរូបថតដែលបានបង្ហាញនេះ គឺជារូបភាពរបស់ក្មេងស្រីគួរឲ្យស្រឡាញ់ម្នាក់អាយុ ១៣ ឆ្នាំ ជាជនរងគ្រោះក្នុងហេតុការបន្ទុះភ្នំភ្លើង ដែលត្រូវបានថតដោយអ្នកកាសែតបារាំងឈ្មោះលោក Frank Fournier នាប្រទេស កូឡុំបៀ ។

~


រឿងរ៉ាវនេះបានកើតឡើងនៅឆ្នាំ ១៩៨៥ នៅពេលដែលភ្នំភ្លើង Nevado del Ruiz បានផ្ទុះឡើងយ៉ាងខ្លាំង បណ្តាលឱ្យមានការរញ្ជួយដីបង្កជាទឹកជំនន់ និងការបាក់ដីធ្ងន់ធ្ងរនៅតំបន់ជាច្រើនក្បែរភ្នំភ្លើងនេះ។
ក្នុងនោះមានតំបន់មួយ គឺទីក្រុង Armero ជាកន្លែងដែលក្មេងស្រីឈ្មោះ Omayra Sánchez រស់នៅ ហើយត្រូវបានជន់លិចយ៉ាងខ្លាំង រហូតមានចំនួនអ្នកស្លាប់ដល់ទៅ ២០.០០០ នាក់ ។

~


បើទោះជា Sánchez បានរួចផុតពីរឿងហេតុក្រក់នេះជាបឋមក៏ពិតមែន ប៉ុន្តែជើងរបស់នាងបានជាប់នៅក្រោមទ្វារដែលធ្វើពីឥដ្ឋផុងចូលក្នុងទឹកជំនន់នោះ ហើយក្មេងស្រីរងគ្រោះបានប្រើដៃរបស់នាងកាន់មែកឈើមួយ ដើម្បីគេចផុតពីការឈ្លក់ទឹក និងរងចាំក្រុមជួយសង្គ្រោះមកដល់ ។

~


ពីដំបូងឡើយ ពេលមន្រ្តីជួយសង្គ្រោះបានរកឃើញ Sánchez ពួកគេបានខិតខំអស់ពីសមត្ថភាព ដើម្បីជួយយកនាងចេញពីទីនោះ ហើយនាងផ្ទាល់ក៏នៅក្នុងស្ថានភាពល្អប្រសើរនៅឡើយដែរ ។
ក្មេងស្រីដ៏គួរឲ្យអាណិតនៅមានកម្លាំងគ្រប់គ្រាន់ក្នុងការផ្តល់បទសម្ភាសន៍ ឧទានសុំអាហារសម្រន់ពីអ្នកយកព័ត៌មាន និងផឹកកូឡា ហើយអាចច្រៀងចម្រៀងផ្សេងៗ ដើម្បីលួងខ្លួនឯង និងកំដរក្រុមអ្នកសង្គ្រោះ។

~

ប៉ុន្តែពេលវេលាសង្គ្រោះបានកន្លងទៅកាន់តែយូរ ស្ថានភាពរបស់ Sánchez ហាក់ដូចជាមិនសូវល្អ ដោយសុខភាពរបស់នាងចុះខ្សោយជាលំដាប់ រហូតដល់ថ្នាក់មមើមមាយឃើញរូបភាពអាក្រក់ៗ ។
នោះមិនមែនជារឿងចម្លែកទេ ព្រោះដោយសារតែនាងត្រូវបានត្រាំនៅក្នុងទឹកអស់រយៈពេល ៣ យប់ ៤ថ្ងៃមកហើយ ទន្ទឹមនឹងនោះ នាងក៏ត្រូវប្រឈមនឹងការឆ្លងមេរោគតាមរយៈមុខរបួស និងមានបញ្ហាងាប់សាច់ដុំ បូករួមទាំងកំដៅក្នុងរាងកាយចាប់ផ្ដើមធ្លាក់ចុះទៀតផង ។

~

នៅពេលនោះភ្នែករបស់នាង ប្រែទៅជាពណ៌ក្រហមគួរឲ្យខ្លាច រីឯមុខរបស់នាងចាប់ផ្ដើមហើម ហើយដៃរបស់នាងស្លេកស្លាំងយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលគួរឲ្យអាសូរជាងនេះទៅទៀត ក្មេងស្រីម្នាក់នេះបានប្រាប់ក្រុមជួយសង្គ្រោះថា ទុកឲ្យនាងបញ្ចប់ជីវិតទាំងបែបនេះចុះ ដើម្បីឲ្យពួកបងៗ (ក្រុមជួយសង្គ្រោះ) អាចមានពេលវេលាសម្រាកមានកម្លាំងជួយសង្គ្រោះជនរងគ្រោះដទៃទៀត ។
យ៉ាងណាមិញ ឧបសគ្គដ៏ធំមួយនេះ Sánchez ហាក់ពិបាករកដំណោះស្រាយដ៏ប្រសើរខ្លាំងណាស់ ដោយសារតែជើងរបស់នាងកប់ជ្រៅពេក ហើយស្ថានភាពទីតាំងមានភាពស្មុគស្មាញ វិធីតែមួយគត់ ដែលអាចជួយជីវិតរបស់នាងបាន គឺមានតែកាត់ជើងរបស់នាងតែប៉ុណ្ណោះ ។

~

ដូច្នោះហើយ វាក្លាយជាវិធីដ៏ពិបាកបំផុតក្នុងការសម្រេចចិត្ត ម្យ៉ាងទៀតក្រុមគ្រូពេទ្យក៏ពុំមានឧបករណ៍គ្រប់គ្រាន់ដើម្បីទប់ស្កាត់ឈាមដែលហូរឡើយ ប្រសិនបើបង្ខំចិត្តត្រូវតែកាត់ជើងចោល ភាគរយដែលត្រូវស្លាប់មានច្រើនជាងរស់។
ក្រោយមកក្រុមគ្រូពេទ្យបានសម្រេចថា ព្រមឲ្យនាងស្លាប់ទាំងបែបនេះ (នៅក្នុងទឹក) ជាវិធីផ្ដល់ភាពឈឺចាប់តិចបំផុតសម្រាប់នាង។

~

សោកនាដកម្មនេះ ត្រូវបានកើតឡើងនៅ ព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៨៥ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងដ៏យូររបស់ Sánchez រួមជាមួយមន្ត្រីជួយសង្គ្រោះ នានាទីចុងក្រោយ នាងក៏បានទទួលមរណភាព ដោយសារតែនាងមិនអាចទ្រាំរងភាពតានតឹងដ៏ខ្លាំងបាន ហើយវាក៏ជាអ្វី ដែលសាក្សីនៅក្នុងហេតុការណ៍ដ៏សោកសៅនេះបានលើកឡើងផងដែរ ។
វិនាទីដ៏សោកសៅនេះបានបន្សល់ទុកត្រឹមតែរូបថត ដែលទទួលបានពានរង្វាន់ World Press Photo of the Year ប្រចាំឆ្នាំ ១៩៨៥ ជាតឹកតាង ទុកឲ្យពិភពលោកមួយនេះចងចាំក្មេងស្រីដ៏កំសត់នេះក្នុងប្រវត្តិសាស្ត្រជារៀងរហូត ៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔