ហេតុអីបាន ទេព រិនដារ៉ូ មិនយកប្រពន្ធ? ម៉ិចបានគាត់រាងចាលក្នុងរឿងមួយនេះ?

គិត​មក​ទល់​នឹង​ពេល​នេះ តារាសម្តែង​ឈរ​តំណែង​កំពូល​បី​ជំនាន់​លោក ទេព រិនដារ៉ូ មាន​វ័យ​ ៥១ ​ឆ្នាំ​ហើយ ហើយ​ក៏​មាន​រយៈពេល​ប្រហែល​២៥​ឆ្នាំ​ហើយ​ដែរ ដែល​តារា​រូប​នេះ​សម្រេច​ចិត្ត​រស់នៅ​ខ្លួន​មួយ​ក្រោយ​លែងលះ​ជាមួយ​ភរិយា។ លោក ទេព រិនដារ៉ូ បាន​ឲ្យ​ដឹង​ថា នៅពេល​និយាយ​ដល់​រឿង​រៀបការ លោក​ពិតជា​មាន​អារម្មណ៍​ខ្លាចរអា​តែ​ម្តង។

~

លោក ទេព រិនដារ៉ូ ធ្លាប់​រៀបការ​ជាមួយ​នឹង​នារី​មាន​មុខមាត់​ម្នាក់​កាលពី​ឆ្នាំ​១៩៨៧ នៅក្នុង​អំឡុង​ពេល​ដែល​លោក​នៅ​បម្រើ​ការងារ​ជា​អ្នក​បច្ចេកទេស​យន្តហោះ​ចម្បាំង​ (​ម៉ិច​២១ ប៊ិក) នៅ​ប្រទេស​វៀតណាម នៅ​មុន​ពេល​ដែល​លោក​ចូល​សិល្បៈ តែ​អកុសល​ក្រោយ​រៀបការ​ដោយ​ការ​ចាប់បង្ខំ​ពី​ឪពុក​ម្តាយ​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង ស្នេហា​មួយ​នោះ​ក៏​ឈាន​ដល់​ការ​លែងលះ​គ្នា។

~

តារាសម្តែង​ជើងចាស់​សង្ហា​មិន​ចាញ់​ក្មេង​រូប​នេះ និយាយ​ថា៖​«​នៅ​មុន​ពេល​ចូល​លេង​កុន​ហ្នឹង ខ្ញុំ​បាន​រៀបការ​ជាមួយ​នឹង​នារី​ម្នាក់ គាត់​ធ្វើការ​ធំ​ដែរ។ ខ្ញុំ​ធ្វើការ​ជា​អ្នក​បច្ចេកទេស​យន្តហោះ​ហ្នឹង​បាន ៣-៤​ឆ្នាំ​ដែរ តែ​ទីតាំង​គឺ​នៅ​វៀតណាម ហើយ​នៅ​អំឡុង​ពេល​នោះ ខ្ញុំ​មាន​បញ្ហា​ធំដុំ​ណាស់​ជាមួយ​ប្រពន្ធ​ខ្ញុំ​រហូត​មាន​ការ​ប្តឹងប្តល់​គ្នា​លែងលះ​តែ​ម្តង​»។

~

តារាសម្តែង​ជើងចាស់​លោក ទេព រិនដារ៉ូ សម្តែង​ភាព​ស្និទ្ធស្នាល​ស្អិតល្មួត​ជាមួយ​នាង ញឹម ចាន់ថន។
តារាសម្តែង​ជើងចាស់​លោក ទេព រិនដារ៉ូ សម្តែង​ភាព​ស្និទ្ធស្នាល​ស្អិតល្មួត​ជាមួយ​នាង ញឹម ចាន់ថន។ សេត គឹមសឿន
លោក ទេព រិនដារ៉ូ ហាក់​មាន​រឿង​វិបត្តិ​ល្វីងជូរចត់​កប់ជ្រៅ​នៅក្នុង​ជម្រៅ​បេះដូង​ជាច្រើន​ដែល​លោក​បាន​ទទួល​មេរៀន​ពី​ភរិយា​នៅក្នុង​អំឡុង​ពេល​រស់នៅ​ក្នុង​នាម​ជា​ប្តី​ប្រពន្ធ តែ​មិន​អាច​និយាយ​ស្តី​បាន​។ មេរៀន​ទាំងនោះ​ហើយ ដែល​បាន​ធ្វើឲ្យ​រូប​លោក​ហាក់​មាន​អារម្មណ៍​រន្ធត់ចិត្ត​នៅពេល​និយាយ​ដល់​រឿង​រៀបការ​ប្រពន្ធ​ថ្មី​។

~

លោក​និយាយ​ថា៖​«​វា​ពិតជា​មាន​រឿង​ជូរចត់​ច្រើន​ណាស់ តែ​កុំ​និយាយ​ទៀត ដោយសារ​តែ​រឿង​គេ​ចង់​លែងលះ​ហ្នឹង​វា​ផ្ទុះ​ធំ​ណាស់ បាន​ធ្វើឲ្យ​ខ្ញុំ​រង​គំនាប​សង្កត់​យ៉ាង​ខ្លាំង​ពី​កន្លែង​ការងារ រហូត​គេ​ដក​ខ្ញុំ​ពី​មូលដ្ឋាន​ទ័ព​នៅ​វៀតណាម​មក​បញ្ឈរជើង​នៅ​ខ្មែរ ព្រោះ​កាល​នោះ​ច្បាប់​តឹងរ៉ឹង​ណាស់ ម្យ៉ាង​ខាង​ស្រី​គេ​ធ្វើការ​ធំ​ដែរ។ ដូច្នេះ​តាំងពី​ពេល​នោះ​មក ខ្ញុំ​មាន​ភាព​រអា​ណាស់ គ្រាន់តែ​នឹក​ដល់​រឿង​រៀបការ គឺ​ខ្លាច​តែ​ម្តង»។

~

ទោះបី​ជា​មាន​ការ​បញ្ជាក់​បែប​នេះ​ក្តី តែ​ទស្សនិកជន​ភាគច្រើន​បាន​លើក​ឡើង​នូវ​ហេតុផល​ផ្សេង​ថា លោក ទេព រិនដារ៉ូ មិន​រៀបការ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​នោះ ដោយសារ​តែ​លោក​ស្រឡាញ់​មនុស្ស​ប្រុស​ដូច​គ្នា។ ចំពោះ​រឿង​នេះ លោក​ក៏​បាន​ទទួល​ស្គាល់​ថា លោក​ក៏​ធ្លាប់​ឮ​រឿង​នេះ​ដែរ ប៉ុន្តែ​លោក​មិន​ដឹង​ថា ត្រូវ​បកស្រាយ​យ៉ាង​ណា បើ​គេ​គិត​បែប​នោះ​ទៅ​ហើយ។

~

តារាសម្តែង​គួរ​ឲ្យ​គោរព​របស់​តារា​ជំនាន់​ក្រោយ​រូប​នេះ និយាយ​ថា៖​«​អាហ្នឹង​វា​ជា​ការ​និយាយ​ពី​មួយ​ទៅ​មួយ​របស់​អ្នក​ដទៃ ដល់​ពេល​គេ​ចោទ គេ​និយាយ​ច្រើន​ពេក​ទៅ ខ្ញុំ​ហាក់​លែង​ចង់​និយាយ​បកស្រាយ​អ្វី​ទៀត​ហើយ ឲ្យ​គេ​និយាយ​ទៀត​ចុះ យើង​នៅ​តែ​យើង វា​ជា​ពាក្យ​ចចាមអារ៉ាម…​»។

~

ក្នុង​នាម​ជា​តារាសម្តែង​ល្បី​ឈ្មោះ ហើយ​មាន​រូបសង្ហា​គួរ​ឲ្យ​ទាក់ទាញ​ផង​នោះ ច្បាស់​ណាស់​ថា ក្រោយ​លែងលះ​មិន​ខ្វះ​ទេ អ្នក​តាម​សុំ​ស្អំ​បេះដូង​នោះ​។ ពិត​ដូច​ការ​លើក​ឡើង លោក រិនដារ៉ូ សារភាព​ថា ជា​ការពិត​ណាស់ នៅក្នុង​អំឡុង​ពេល​លោក​រស់នៅ​ខ្លួន​មួយ​មាន​អ្នក​តាម​ស្រឡាញ់​លោក​ច្រើន​ណាស់ ហើយ​ពេល​ខ្លះ​លោក​ក៏​បាន​សាកល្បង​រាប់អាន​គ្នា​ធ្វើ​ជា​សង្សារ​ដែរ ប៉ុន្តែ​ដោយសារ​លោក​ខ្លាចរអា​នឹង​រឿង​ស្នេហា​ពេក អ្វីៗ​ហាក់​មិន​អាច​ផ្តល់​ឱកាស​ឲ្យ​ទំនាក់ទំនង​នោះ​ជាប់លាប់​ទេ។

~

លោក ទេព រិនដារ៉ូ និយាយ​ថា៖​«​នៅពេល​នេះ ខ្ញុំ​ទម្លាប់​ទៅហើយ មាន​ប្រពន្ធ ឬ​គ្មាន​ប្រពន្ធ​គ្មាន​អ្វី​ចម្លែក​ទេ។ សំខាន់​នៅពេល​នេះ ខ្ញុំ​មាន​ម្តាយ មាន​បងប្អូន និង​ក្មួយៗ​គួរ​ឲ្យ​ស្រឡាញ់​ជាច្រើន ហើយ​ខ្ញុំ​មាន​បន្ទុក​ច្រើន​មើលថែ​ពួកគេ។ ក្មួយៗ​របស់​ខ្ញុំ​គ្មាន​អ្វី​ខុស​ពី​កូន​របស់​ខ្ញុំ​ទេ ខ្ញុំ​ស្រឡាញ់​ពួកគេ​អស់​ពី​ចិត្ត​»។ដោយឡែក​ពាក់ព័ន្ធ​នឹង​រឿង​សិល្បៈ​វិញ នៅពេល​នេះ លោក ទេព រិនដារ៉ូ ចាប់​អារម្មណ៍​ថា ការងារ​របស់​លោក​នៅតែ​មាន​ជា​បន្តបន្ទាប់ គ្រាន់តែ​ពេល​នេះ ភាគច្រើន​ដើរតួ​ជា​តួ​ឪពុក។

~

លោក​និយាយ​ថា៖​«​ការងារ​នៅពេល​នេះ វា​មិន​ដូច​កាលពី​យើង​នៅ​ក្មេង​ទេ ព្រោះ​ពេល​នេះ យើង​ចាស់​ហើយ​»។គួរ​បញ្ជាក់​ថា លោក ទេព រិនដារ៉ូ មាន​កំណើត​នៅ​ភូមិ​សំរោង ស្រុក​សង្កែ (​បច្ចុប្បន្ន ស្រុក​ឯកភ្នំ​) បាត់ដំបង។ លោក​បាន​ចូល​សិល្បៈ​កាលពី​ឆ្នាំ​១៩៨៩ ដោយសារ​តែ​ត្រេ​មុខ​លោក​ប្រហាក់ប្រហែល​នឹង​តារាសម្តែង​ល្បី​ឈ្មោះ សំ វិទ្យា។

~

លោក ទេព រិនដារ៉ូ មាន​បងប្អូន​៣​នាក់​(​ស្រី​២​ប្រុស​១) ហើយ​ម្តាយ​របស់​លោក​នៅពេល​នេះ មាន​វ័យ​៧៣​ឆ្នាំ​ហើយ រីឯ​ឪពុក​បាន​ស្លាប់​កាលពី​សម័យ ប៉ុល ពត។ លោក ទេព រិនដារ៉ូ បាន​ទទួល​បន្ទុក​ធ្ងន់​ក្នុង​ការ​ចិញ្ចឹម​បីបាច់​ក្មួយៗ ដោយសារ​តែ​បងស្រី​ម្នាក់​របស់​លោក​បាន​ស្លាប់ តែ​នៅពេល​នេះ លោក​ធូរ​ស្រាល​ហើយ ដោយសារ​តែ​ពួកគេ​មាន​ការងារ​ធ្វើ​រៀងៗ​ខ្លួន​អស់​ហើយ៕

~

អត្តបទ៖ខ្មែរសាយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔