ករណីអ្នកនាង កែវ ចាននិមល និង គ្រួសារ កំពុងផ្ទុះព័ត៌មានថាបានឆ្លងកូវីដ-១៩ កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ គឺជាការពិត ។ នេះបើតាមការឲ្យដឹងពី លោក មាស ឬទ្ធី និយាយក្នុងកម្មវិធី HANGMEASLIVE24H របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស នៅព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ នេះ ។
~
វាពិតជាផ្ញាក់ផ្អើលជាខ្លាំងក្នុងរឿងមួយនេះដែលលោកស្រី កែវ ច័ន្ទនិមល (ពិធីករហង្សមាស) ប្តី និងកូនស្រីរបស់គាត់ អាយុ ១០ ឆ្នាំ បានធ្វើតេស្ត រកកូវីដ១៩ កាលពីថ្ងៃទី៧មីនាមិញនេះ ហើយលទ្ធផលចេញមក មានកូវីដ១៩ ទាំងគ្រួសារ (៣ នាក់)។
~
រហូតមកដល់ពេលនេះ កំពូលតារាល្បីៗ ជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះ ទីតូ ច្រើននាក់ ជាក់ស្តែង ដូចជា៖ ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន សុគន្ធ និសា មានអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀត កំពុងទៅធ្វើតេស្តរកកូវីដ១៩។
~
សេចក្តីរាយការណ៍ខាងលើនេះ បានធ្វើឡើង ខណៈដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី៨ ខែមីនានេះថា ជំងឺកូវីដ១៩ នៅពេលនេះ បានឆ្លងរាលដាលធ្ងន់ធ្ងរ ចូលដល់ប៉ូលិស មន្ត្រីរាជការ និងសិល្បករច្រើននាក់។
~
សម្តេចបានប្រកាសឲ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ បិទជាបណ្តោះអាសន្ន ដោយទុកមនុស្សចំនួនតិចតួចបំផុត នៅប្រចាំការ ហើយក្រៅពីនោះ យ៉ាងហោចបុគ្គលិក ៩០% ធ្វើការពីផ្ទះ។ ក្រុមហ៊ុនឯកជន ក៏ដូចគ្នា ត្រូវរៀបចំកាត់បន្ថយបុគ្គលិក ដែលធ្វើការដោយផ្ទាល់ ឬក៏រៀបវេនធ្វើការឆ្លាស់វេនគ្នា ដើម្បីកាត់បន្ថយការកកស្ទះមនុស្ស នៅកន្លែងធ្វើការផង និងនៅតាមផ្លូវធ្វើដំណើរផង។
~
ក្នុងនោះដែរ លោក មាស ឬទ្ធី បានឲ្យដឹងថា បន្ទាប់ពីក្រុមគ្រួសារ និង អ្នកនាង កែវ ចាន់និមល បានឆ្លងកូវីដ-១៩ ហើយនោះ អ្នកនាងបាននិយាយរៀបរាប់ថា «កន្លងមក ខ្ញុំបានព្យាយាមការពារខ្លាំងណាស់ ខ្ញុំសូមអធ្យាស្រ័យពីបងប្អូនទាំងអស់គ្នាផង!»៕
~