(ខេត្តរតនគិរី)៖ សពស្ត្រីពោះធំម្នាក់ត្រូវសាច់ញាតិដឹកអូសតាមម៉ូតូយ៉ាងអណោចអាធម៌ យកទៅធ្វើបុណ្យ បន្ទាប់ពីរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្ត ដឹកយកទៅទម្លាក់ចោលតាមផ្លូវ ក្រោយពីសពស្ត្រីពោះធំ នោះ ឆ្លងទន្លេមិនរួចស្លា.ប់នៅមន្ទីរពេទ្យបង្អែកខេត្ត បើទោះជាសាច់ញាតិសុំអង្វរឲ្យដឹកដល់ផ្ទះយ៉ាងណាក៏ដោយ។
សពស្រ្តីឆ្លងទន្លេមិនរួចមានឈ្មោះ កាវែម ពូន អាយុ ៣១ឆ្នាំ ជនជាតិក្រឹង មានប្តីឈ្មោះ យែន យន្ត មុខរបរធ្វើចំការ បានស្លា.ប់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបន្សល់ទុកកូនស្រី២នាក់ អាយុ៧ និង៨ឆ្នាំឲ្យកំព្រា។
បើតាមការរៀបរាប់របស់សាច់ញាតិសព ដែលត្រូវជាបងប្រុសជនរងគ្រោះ មានឈ្មោះ កាវែម វាំង បានឲ្យដឹងថា ប្អូនស្រីរបស់ខ្លួនបានឈឺពោះឆ្លងទន្លេកូនទីបី ហើយបានមកដល់មន្ទីរពេទ្យខេត្តនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យហាក់ដូចជាមិនសូវមើលថែទាំងឲ្យដិតដល់នោះទេ ព្រមទាំងប្រើពាក្យសំដីមិនសមរម្យគ្មានសុជីវធម៌ទៀតផង។
ហើយបានប្រាប់ទៅសាច់ញាតិជនរងគ្រោះថា មិនអាចសង្គ្រោះបានទេ ទោះវះយកកូនចេញក៏ស្លា.ប់ មិនវះក៏ស្លា.ប់។ រហូតមកដល់ម៉ោង៩.៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ទើបអ្នកជំងឺបានដាច់ខ្យល់ស្លា.ប់
បន្ទាប់មកទៀតសាច់ញាតិបានដឹកបញ្ចូនសពតាមរថយន្តសង្គ្រោះមកដល់ចំណុចការ៉ាស់សាំងផ្លូវបំបែកចូលឃុំកាចូន តៃកុងឡានរកទំលាក់សពចោលម្តងហើយ តែសាច់ញាតិអង្វរទើបតៃកុងឡានយល់ព្រមទៅមុខទៀត រហូតមកដល់ចំណុចស្ពាន អូលីង តៃកុងឡានបានរអ៊ូរថា ផ្ទះឆ្ងាយពេក ក៏ទំលាក់សពចោលនៅក្រោមដើមឈើក្បាលស្ពានតែម្តង។
ក្រោយមកទៀតសាច់ញាតិក៏យកម៉ូតូដឹកបន្តទៀតទើបទៅដល់ផ្ទះ តែដោយសារសពឡើងរឹង ហើយពោះធំផង ទើបមានការពិបាកដឹក ធ្វើឲ្យអូសដាច់រលាត់ជើងសពគួរឲ្យសង្វេគ។ពាក់ព័ន្ធករណីនេះ តៃកុងឡានសាម៉ុយ បែជាឆ្លើយដោះសារទៅថ្នាក់លើថា អ្នកភូមិគេតំណម មិនឲ្យយកសពស្ត្រីពោះធំឆ្លងទន្លេមិនរួចចូលភូមិទេ រីឯក្រុមគ្រួសារសពក៏ទៀមទារឲ្យដាក់ចុះនៅត្រឹមនោះតែម្ដង។
ជុំវិញករណីដឹកសពមិនដល់គោលដៅទំលាក់ចោលគួរ អោយអណោចអធម្មខាងលើនេះ លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងថា លោកកំពុងធ្វើការដោះស្រាយ ហើយបានរាយការណ៍ទៅកាន់ថ្នាក់ខេត្ត ដើម្បីធ្វើការពិន័យទៅលើតៃកុងឡានសាម៉ុយដែលដឹកសពមិនដល់គោលដៅ
ហើយនេះពុំមែនជាលើកទី១នោះទេ ដែលតៃកុងរថយន្តធ្វើដូចនេះ ហើយនឹងចាត់វិធានការទៅលើក្រុមគ្រូពេទ្យដែលប្រព្រឹត្តខុសក្រមសីលធម៌ វិជ្ជាជីវៈ គ្មានសីលធម៌ ពិសេសទង្វើទៅលើជនជាតិដើមភាគតិច និងជនក្រីក្រ។
ករណីខាងលើនេះ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី ដែលជាព្រឹទ្ធាចារ្យជនជាតិភាគតិច បានសំដែងការមិនពេញចិត្ត ដោយលោកមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះថា ពាក់ព័ន្ធទៅនឹងករណីដឹកសពកាត់ភូមិ ឬដឹកចូលភូមិ គឺជនជាតិដើមលែងមានតំណមដូចពីមុនទៀតហើយ រីឯទង្វើរបស់ក្រុមគ្រូពេទ្យ និងតៃកុងឡានខាងលើនេះវាជាការរើសអើងទៅលើក្រុមជនជាតិដើមភាគតិចយ៉ាងពិតប្រាកដ៕