~
នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤១នាក់ ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ២៤នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
~
ក្រសួងសុខាភិបាលបន្តថា ក្នុងចំណោមអ្នកឆ្លងទាំង៤១នាក់ មានជនជាតិចិនចំនួន២៣ នាក់, ជនជាតិខ្មែរចំនួន ១២នាក់ ជនជាតិវៀតណាមចំនួន៤ នាក់ និងជនជាតិថៃ ២នាក់ ដែលត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រៃវែង។
~
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកដែលឆ្លងក្នុងសហគមន៍ទាំង៤១នាក់នេះ មានអ្នករស់នៅភ្នំពេញ១២នាក់ ,កណ្តាល២៨ នាក់ និងខេត្តព្រៃវែង១នាក់។ នៅខេត្តកណ្តាលគឺអ្នកឆ្លងមានអាសយដ្ឋាននៅឃុំសំពៅលូន ស្រុកកោះធំទាំងអស់។ ចំណែកអ្នកនៅរាជធានីភ្នំពេញ អ្នកឆ្លងមានអាសយដ្ឋាន នៅខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌសែនសុខ ខណ្ឌទួលគោក ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន។ រីឯនៅខេត្តព្រៃវែង អ្នកឆ្លងម្នាក់នោះ គឺមានអាសយដ្ឋាននៅឃុំក្រាំងស្វាយ ស្រុកព្រះស្តេច។
~
ចំណែកអ្នកជាសះស្បើយចំនួន ២៤នាក់វិញ មានជនជាតិចិន២២នាក់ និងជនជាតិវៀតណាម២នាក់ ដែលឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដោយទទួលលទ្ធផលតេស្តអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
~
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១៣០៥នាក់។ ករណីសហគមន៍២០កុម្ភៈ មានដល់ទៅ៧៩២ នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ អ្នកជំងឺចំនួន ៦៤៧នាក់ បានសះស្បើយ ខណៈអ្នកចំនួន ៦៥៦ នាក់ទៀត កំពុងបន្តសម្រាកព្យាបាល។ កាលពីថ្ងៃទី១១ខែមីនាកន្លងទៅ មានបុរសម្នាក់បានបាត់បង់ជីវិត៕
~



