គេហទំព័រព័ត៌មានរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមលោកផែង វណ្ណៈ ឈ្មោះ www.phengvannaknews.com ត្រូវបានក្រសួងព័ត៌មានប្រកាសលុបអាជ្ញាបណ្ណចោលនៅថ្ងៃទី១៨មីនានេះ បន្ទាប់ពីលោកផែង វណ្ណៈ បានជេរប្រមាថលើព្រះតេជគុណពិន សែម ចៅអធិកាវត្តរាជបូណ៍ ក្រុងសៀមរាប ខេត្តសៀមរាបកាលពីពេលកន្លងទៅ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ម្យ៉ាងទៀតក្រសួងបញ្ជាក់ថា នេះជាការរំលោភយ៉ាងធ្ងន់ធ្ងរផងដែរលើវិជ្ជាជីវៈនិងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនលោកផែង វណ្ណៈ បានតម្កល់ទុកនៅក្រសួងព័ត៌មាន។
~
បន្ទាប់ពីលុបអាជ្ញាបណ្ណគេហទំព័រព័ត៌មានរបស់លោកផែង វណ្ណៈ ក៏មានមហាជនជាច្រើនបានបង្ហាញការគាំទ្រចំពោះក្រសួងព័ត៌មាន ដោយមានការលើកឡើងនូវការយល់ឃើញ និងរិះគន់ផ្សេងៗគ្នាទៅលើលោកផែង វណ្ណៈ ថា «ក្នុងនាមជាពុទ្ធបរិស័ទ តែបែរជាប្រើពាក្យសម្ដីមិនគួរគប្បីទៅលើព្រះតេជគុណពិន សែម ចៅអធិការវត្តរាជបូណ៌ទៅវិញ។» មិនតែប៉ុណ្ណោះក៏មហាជនខ្លះទៀតបានហៅលោកផែង វណ្ណៈ ថាជាទមិឡឥតសាសនាថែមទៀតផង។
~
យ៉ាងណាមិញសាធារណមតិមួយចំនួននៅតែអំពាវនាវឲ្យស្ថាប័នពាក់ពន្ធ័ដ៏ទៃទៀតចាត់វិធានការលើលោកផែង វណ្ណៈ ក្រោមហេតុផលថា លោកបានប្រើពាក្យគំរាមកំហែងប៉ះពាល់ដល់អាយុជីវិត ដោយបានលើកឡើងពីក្រមព្រហ្មទណ្ឌមាត្រា២៣៣ ដែលចែងថា ការគំរាមកំហែងថានឹងសម្លាប់ ដែលធ្វើឡើងម្តងហើយម្តងទៀត ឬសម្តែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានទៅ៤លានរៀល។ រីឯមាត្រា៥១៦ ការប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី ត្រូវផ្តន្ទាទោសដាក់ពន្ធនាការពី១ថ្ងៃ ទៅ៦ខែ និងពិន័យជាប្រាក់ពី១០០០រៀល ទៅ១សែនរៀល។
~
~
គួរបញ្ជាក់ថា ជុំវិញករណីនេះគណៈសង្ឃនាយកខេត្តសៀមរាប បានសម្រេចដាក់លិខិតស្នើទៅសម្ដេចបណ្ឌិតសង្ឃនន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សុំឲ្យព្រះអង្គស្នើសុំបន្តទៅរាជរដ្ឋាភិបាលថ្កោលទោសចំពោះលោកផែង វណ្ណៈ។ ដោយការស្នើនេះ ធ្វើឡើងបន្ទាប់ពីលោកផែង វណ្ណៈបានធ្វើការផ្សាយផ្ទាល់ (Live) ដោយប្រមាថលើព្រះតេជគុណពិន សែម ចៅអធិការវត្តរាជបូណ៌ ជុំវិញការដាក់ពិន័យរបស់ព្រះអង្គទៅលើព្រះសង្ឃជាកូនសិស្សនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២១កន្លងទៅ។ សម្អាងលើការប្រមាថនេះដែរ គណៈសង្ឃនាយកខេត្តសៀមរាបអះអាងថា បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស សេចក្ដីថ្លៃថ្នូរព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
~
~
លើសពីនេះគណៈសង្ឃនាយកក៏បានបញ្ជាក់ទៀតថា លោកផែង វណ្ណៈ មិនត្រឹមតែបានប្រមាថលើចៅអធិការវត្តរាជបូណ៌ប៉ុណ្ណោះទេ គឺលោកផែង វណ្ណៈថែមទាំងបានជេរប្រមាថមើលងាយដល់មន្ត្រីរាជការ ក៏ដូចជាអាជ្ញាធរខេត្តសៀមរាបផងដែរ ដោយបានប្រើពាក្យថា ចង់យកផ្ដៅវាយក្បាលមន្ត្រីនិងអាជ្ញាធរខេត្តសៀមរាបម្នាក់៣ផ្ដៅទៀតផង។
~
~
គួរជម្រាបថា ការនិយាយរិះគន់ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមលោកផែង វណ្ណៈ លើព្រះតេជគុណ ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប បានកើតឡើងក្រោយពីមហាជនប្រតិកម្មជុំវិញការដាក់ពិន័យដោយហិង្សារបស់ព្រះតេជគុណ ទៅលើព្រះសង្ឃដែលជាសិស្សមួយអង្គកាលពីពេលថ្មីៗ។ តែយ៉ាងណាមិញករណីនេះត្រូវបានគណៈសង្ឃនាយកដោះស្រាយសម្រួលដើម្បីបញ្ចប់រួចហើយ ដោយគណៈសង្ឃនាយកនៅថ្ងៃទី១៥ ខែមីនា បានសំណូមពរដល់ព្រះមន្ត្រីសង្ឃ ព្រះថេរានុថេរៈ និងសាធារណជន ព្រះមេត្តា និងមេត្តាទទួលយក និងរក្សាភាពស្ងៀមស្ងាត់ បញ្ចប់ការលើកឡើងពីបញ្ហានេះបន្តទៀត។
~
~
តែមកដល់ថ្ងៃទី២០ខែមិនាឆ្នាំ២០២១ នាព្រឹកនេះញោម ផែង វណ្ណៈ បានអញ្ជើញមកកាន់វត្តរាជបូណ៌ ដើម្បីចូលខ្លួនមកសុំខមាទោសចំពោះព្រះភក្ដ្ររបស់ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ជាឧត្ដមទីប្រឹក្សាគណសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ដរាជបូណ៌ ក្រុង / ខេត្ដសៀមរាប ។
~
៚ ក្នុងករណី ដែលគាត់បានប្រើប្រាស់ពាក្យមិនសមរម្យប្រមាថទមើលងាយទៅលើព្រះមហាវិមលធម្ម តាមបណ្ដាញសង្គម Facebook ។
ថ្ងៃសៅរ៍ ០៧កើត ខែចែត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមីនា គ.ស. ២០២១

~
អត្តបទ៖ខ្មែរសាយ