ថៃ៖ អ្នកជំនាញផ្នែកជំងឺឆ្លងថៃម្នាក់បានព្រមានថា តួលេខអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃអាចនឹងកើនដល់ ២៨ ០០០ នាក់ក្នុងមួយថ្ងៃនៅខែក្រោយនេះ ប្រសិនបើអាជ្ញាធរមិនអាចដាក់ចេញនូវវិធានការសមស្របណាមួយសម្រាប់ឆ្លើយតបនឹងរលកថ្មីនៃជំងឺកូវីដ ១៩ ដែលកំពុងតែរាតត្បាតនៅក្នុងសហគមន៍ថៃយ៉ាងឆាប់រហ័សក្នុងពេលបច្ចុប្បន្ននេះ។
តាមរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អ្នកជំនាញរូបនេះគឺលោក Sopon Iamsirithaworn ដែលជានាយករងនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ហើយនាពេលកន្លងមករូបលោកតែងធ្វើការយ៉ាងសកម្មក្នុងការតាមដាននិងវិភាគអំពីលទ្ធភាពនៃការរាតត្បាតជំងឺកូវីដ ១៩។
ការព្យាករណ៍អំពីតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ របស់អ្នកជំនាញថៃខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ថៃបានរកឃើញចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មី រហូតដល់ទៅ ៩៦៧ នាក់ ខណៈមេរោគនៃជំងឺកូវីដ ១៩ នោះភាគច្រើនសុទ្ធតែជាមេរោគបម្លែងខ្លួនទម្រង់ថ្មីមានប្រភពមកពីអង់គ្លេស។
គួរម្លឹកថា មេរោគបម្លែងខ្លួនទម្រង់ថ្មីនេះមានកម្រិតនៃការឆ្លងលឿនជាងមេរោគកូវីដ ១៩ ធម្មតាចំនួន ១,៧ ដង ហើយសម្រាប់នៅក្នុងប្រទេសថៃគឺមេរោគប្រភេទនេះបានផ្ទុះចេញពីកន្លែងកំសាន្តពេលរាត្រីនៅក្នុងទីក្រុងបាងកក។
វិធានការដែលអាជ្ញាធរថៃបានដាក់ចេញដើម្បីទប់ទល់នឹងរលកទី ៣ នៃការរីករាលដាលជំងឺកូវីដ ១៩ នៅពេលនេះគឺអាជ្ញាធរបានសម្រេចបិទអាជីវកម្មកំសាន្តពេលរាត្រីនៅក្នុងខេត្តចំនួន ៤១ ក្នុងរយៈពេល ២ សប្តាហ៍ និងសម្រេចលុបចោលការរៀបចំពិធីបុណ្យសង្ក្រាន្តផងដែរ។
គួរម្លឹកផងដែរថា ខណៈដែលតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ កំពុងតែកើនឡើងយ៉ាងគំហុកនេះ មន្ទីរពេទ្យមួយចំនួននៅក្នុងទីក្រុងបាងកកកំពុងតែប្រឈមនឹងបញ្ហាខ្វះគ្រែពេទ្យសម្រាប់អ្នកជំងឺនិងខ្វះឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគជំងឺកូវីដ ១៩
ខណៈក្រុមយោធាថៃបានសម្រេច សាងសង់មន្ទីរពេទ្យនៅទីវាលជាបន្តបន្ទាប់នៅតាមបណ្តាខេត្តមួយចំនួនដើម្បីត្រៀមទទួលអ្នកជំងឺកូវីដ ១៩ ក្នុងករណីមន្ទីរពេទ្យធម្មតាលែងមានលទ្ធភាពផ្ទុកអ្នកជំងឺកូវីដ ១៩ បាន៕
ប្រភព៖ បាងកកប៉ុស្តិ៍